ហាងលក់ទំនិញ និងសេវាដឹកជញ្ជូនសាធារណៈនៅទូទាំងប្រទេសវេណេហ្ស៊ុយអេឡា បានបិទកាលពីថ្ងៃពុធ (៣១ កក្កដា) ដោយសារស្ថានភាពកាន់តែតានតឹងជុំវិញការបោះឆ្នោតប្រធានាធិបតីដ៏ចម្រូងចម្រាស រួមជាមួយមឹងពាក្យចចាមអារ៉ាមអំពីការចាប់ខ្លួនក្រុមប្រឆាំងកាន់តែច្រើន និងអំពើហិង្សាជាបន្តបន្ទាប់ ធ្វើឱ្យមនុស្សសំងំលាក់ខ្លួននៅក្នុងផ្ទះមិនហ៊ានចេញក្រៅ។

ប្រធានាធិបតីសង្គមនិយម លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ដែលដឹកនាំតាំងពីឆ្នាំ២០១៣មក ត្រូវបានប្រកាសថាជាអ្នកឈ្នះឆ្នោតម្ដងទៀតដោយក្រុមប្រឹក្សាបោះឆ្នោត ប៉ុន្តែបក្សប្រឆាំងនិយាយថា ចំនួនសន្លឹកឆ្នោតប្រហែល ៩០ភាគរយ បង្ហាញថាបេក្ខជនរបស់ខ្លួនគឺលោក អេដម៉ុនដូ ហ្គនហ្សាលេស (Edmundo Gonzalez) ជាអ្នកឈ្នះ។

ខណៈភាពចម្រូងចម្រាសបានឈានចូលដល់ថ្ងៃទីបីរបស់ខ្លួនស្របពេលមានការអំពាវនាវឱ្យមានតម្លាភាពកាន់តែច្រើន រដ្ឋាភិបាលបានទទូចថា ខ្លួនមិនបានបញ្ចេញចំនួនសំឡេងឆ្នោតពេញលេញនៅកម្រិតការិយាល័យបោះឆ្នោតទេ ដោយសារតែចោរកម្មប្រព័ន្ធបច្ចេកទេសដែលមានប្រភពមកពីប្រទេសម៉ាសេដូនីខាងជើង ជំរុញឱ្យមានការពន្យារពេលបន្ថែម ប៉ុន្តែមិនផ្តល់ភស្តុតាងណាមួយដើម្បីគាំទ្រការលើកឡើងនោះឡើយ។

អង្គការគាំទ្រប្រជាធិបតេយ្យ ខាធើ សេនធើ (Carter Center) មានមូលដ្ឋាននៅអាមេរិក ដែលជាអង្គភាពឃ្លាំមើលឯករាជ្យមួយដែលត្រូវបានអនុញ្ញាតឱ្យសង្កេតការណ៍ការបោះឆ្នោត បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារថា ការបោះឆ្នោតនេះ «មិនអាចចាត់ទុកថាជាលទ្ធិប្រជាធិបតេយ្យទេ»។ នៅក្នុងសុន្ទរកថាដែលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋកាលពីថ្ងៃពុធ លោក Maduro បានច្រានចោលរាល់ការគំរាមកំហែងទាំងអស់ រួមទាំងលទ្ធភាពនៃទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកផងដែរ៕