ក្រុមជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ បានសង្កេតឃើញប្រជាជន តំបន់ហ្កាហ្សារាប់ពាន់នាក់ ត្រឡប់ទៅផ្នែកខ្លះនៅទីក្រុង Khan Younis ជាកន្លែងដែលពួកគេបានភៀសខ្លួនចេញពីប្រតិបត្តិការយោធារបស់អ៊ីស្រាអែល កាលពីដើមសប្តាហ៍នេះ។

ការិយាល័យសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា ជនភៀសខ្លួន បានត្រឡប់ទៅតំបន់នានានៅក្នុងទីក្រុងនេះ។ ការវិលត្រឡប់ទៅវិញរបស់ពួកគេ បានធ្វើឡើងបន្ទាប់ពីការប្រកាសបញ្ចប់ប្រតិបត្តិការជើងគោករបស់យោធាអ៊ីស្រាអែល និងបទបញ្ជាជម្លៀសចេញ កាលពីពេលមុន។

អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ថា ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាដ៏ស្មុគស្មាញជាមួយរដ្ឋាភិបាលអេមីរ៉ាត់ និងអង្គការដទៃទៀត បានជម្លៀសអ្នកជំងឺ៨៥នាក់កាលពីថ្ងៃអង្គារ និងអ្នករងរបួសធ្ងន់ច្រើននាក់ ពីតំបន់ហ្កាហ្សា ទៅកាន់ទីក្រុង Abu Dhabi ។
អង្គការសុខភាពពិភពលោកបាននិយាយថា កុមារចំនួន៣៥នាក់ និងអ្នកថែទាំជាង៦០នាក់ និងសមាជិកគ្រួសារ ត្រូវបានជម្លៀសចេញតាមច្រកឆ្លងកាត់ Kerem Shalom។ ទីភ្នាក់ងារនេះ បាននិយាយថាមនុស្សជាង១០.០០០នាក់ នៅតែត្រូវការការជម្លៀសតាមបែបវេជ្ជសាស្រ្ត ពីតំបន់ហ្កាហ្សា។
អគ្គនាយកអង្គការសុខភាពពិភពលោក(WHO) លោក Tedros Adhanom Ghebreyesus បាននិយាយថា លោកសង្ឃឹមថា នេះនឹងត្រួសត្រាយផ្លូវសម្រាប់ការបង្កើតច្រករបៀងជម្លៀសខ្លួន តាមរយៈគ្រប់ច្រកដែលអាចធ្វើទៅបាន រួមទាំងច្រកឆ្លងកាត់ Kerem Shalom និងទីក្រុង Rafah ទៅកាន់ប្រទេសអេហ្ស៊ីប ហ្ស៊កដានី និងច្រកឆ្លងកាត់ផ្សេងទៀត។
លោក ក៏បានអំពាវនាវឱ្យមានការជម្លៀសទៅកាន់តំបន់ West Bank រួមទាំងទីក្រុងហ្សេរុយសាឡឹមខាងកើតផងដែរ ដើម្បីឱ្យមានការស្ដារឡើងវិញ។