ទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) នៅរដ្ឋកាលីហ្វ័រនីញ៉ា (California) នឹងបង្កើនកិច្ចប្រឹងប្រែងបោសម្អាតជំរំជនគ្មានផ្ទះសម្បែងក្រោមការណែនាំ ដែលចេញប៉ុន្មានថ្ងៃបន្ទាប់ពីអភិបាលរដ្ឋ កាលីហ្វ័រនីញ៉ា លោក ហ្កាវីន ញូវសុម (Gavin Newsom) បានប្រាប់ទីក្រុងនានាឱ្យចាប់ផ្តើមអនុវត្តច្បាប់ប្រឆាំងនឹងការបោះជំរំ ខណៈទីក្រុង ឡូសអែនជើលេស (Los Angeles) និយាយថាខ្លួននឹងមិនអើពើនឹងបទបញ្ជារបស់រដ្ឋនេះទេ។

នៅក្រោមគោលនយោបាយថ្មីរបស់ក្រុង សាន់ហ្វ្រាន់ស៊ីស្កូ អាជ្ញាធរនឹងចេញការព្រមានជាដំណាក់កាល ដែលអាចនាំទៅដល់ការបង្កើនប្រាក់ពិន័យ រួមទាំងការចាប់ខ្លួនផងដែរ។ ទិន្នន័យរាប់ចាប់ពីខែមករា មកបានរកឃើញថា មានមនុស្សគ្មានផ្ទះសម្បែងជាង ៨.០០០នាក់កំពុងរស់នៅក្នុងទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ ដែលមានគ្រែជម្រកត្រឹមតែចំនួន ៤.០០០គ្រែប៉ុណ្ណោះ។

លោកស្រី អេលីហ្សាបេត ហ្វាំង (Elizabeth Funk) ស្ថាបនិកអង្គការមិនរកប្រាក់ចំណេញ ឌីកនីតធីមូ (DignityMoves) ដែលសាងសង់លំនៅដ្ឋានបណ្តោះអាសន្ន ហើយបច្ចុប្បន្នទទួលជនគ្មានផ្ទះសម្បែងប្រមាណ ៩០នាក់នៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ បានប្រាប់សារព័ត៌មានរ៉យទ័រថា ច្បាប់នោះនឹងមានតែបង្កបញ្ហាកាន់តែច្រើនប៉ុណ្ណោះ។

ក្រុមប្រឹក្សាភិបាលតំបន់នៃក្រុង ឡូសអែនជើលេស បានបោះឆ្នោតជាឯកច្ឆ័ន្ទកាលពីថ្ងៃអង្គារ (៣០ កក្កដា) ដើម្បីប្រកាន់ខ្ជាប់នូវគោលនយោបាយដែលមានស្រាប់របស់ខ្លួន ប្រឆាំងនឹងការណែនាំពីអភិបាលរដ្ឋបក្សប្រជាធិបតេយ្យរូបនេះ។ ទិន្នន័យបានបង្ហាញថា ទីក្រុង ឡូសអែនជើលេស មានអ្នកគ្មានផ្ទះសម្បែងប្រហែល ៤៥.០០០នាក់ក្នុងឆ្នាំ២០២៣ ជាមួយនឹងគ្រែជម្រកចំនួន ១៦.០០០គ្រែ៕