យោងតាមការសិក្សាថ្មីមួយទៅលើផលប៉ះពាល់រយៈពេលវែងនៃជំងឺកូវីដ១៩ បានរកឃើញថា ជំងឺធ្លាក់ទឹកចិត្ត និងរោគសញ្ញានៃការយល់ដឹងខ្សោយផ្នែកបញ្ញាស្មារតី នឹងកាន់តែអាក្រក់ទៅៗក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់ពីការសម្រាកព្យាបាលដោយសារកើតជំងឺមួយនេះ។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យជាច្រើនរបស់ចក្រភពអង់គ្លេស បានរកឃើញថា មនុស្សដែលត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដោយសារឆ្លងមេរោគកូវីដ១៩ នៅតែជួបប្រទះនូវរោគសញ្ញា «ជាច្រើន» ក្នុងពេលច្រើនឆ្នាំបន្ទាប់ ជាមួយនឹងរោគសញ្ញាថ្មីៗក៏លេចឡើងផងដែរ។

ស្ទើរតែពាក់កណ្តាលនៃអ្នកជំងឺនៅក្នុងការសិក្សានេះមានការបាក់ទឹកចិត្តពីកម្រិតមធ្យមទៅធ្ងន់ធ្ងរ ដោយមួយភាគបួនបានរាយការណ៍ពីការថយចុះយ៉ាងខ្លាំងផ្នែកប្រាជ្ញាស្មារតី។ ការធ្លាក់ទឹកចិត្ត ការថប់បារម្ភ និងភាពអស់កម្លាំងផ្លូវចិត្តរបស់អ្នកទាំងនោះបានកើនឡើងនៅចន្លោះពេលប្រាំមួយខែ និងពីរទៅបីឆ្នាំ។

ការសិក្សាលើអ្នកជំងឺ ៤៧៥នាក់នេះបានរកឃើញថា មនុស្សម្នាក់ក្នុងចំណោម ៤នាក់អាចធ្វើការបានតិចជាមុន ឬឈប់ធ្វើការទាំងស្រុង។ លោកបណ្ឌិត ម៉ាកស៊ីម ថាខ្វេត (Maxime Taquet) សាស្ត្រាចារ្យនៅដេប៉ាត់តឺម៉ង់ចិត្តវិទ្យានៃសាកលវិទ្យាល័យ អកស៍ហ្វដ (Oxford) និងជាអ្នកដឹកនាំការស្រាវជ្រាវនេះបាននិយាយថា មូលហេតុចម្បងនៃបញ្ហានេះគឺដោយសារសុខភាពមិនល្អ ហើយការថយចុះប្រសិទ្ធភាពការងារភាគច្រើនទាក់ទងនឹងឱនភាពនៃបញ្ញាស្មារតី។
ការសិក្សានេះបានពិនិត្យតែទៅលើរោគសញ្ញានៃការយល់ដឹង និងផ្លូវចិត្តប៉ុណ្ណោះ ហើយមិនបានធ្វើការស៊ើបអង្កេតច្បាស់លាស់ទៅលើអ្នកជំងឺដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានកូវីដរយៈពេលយូរនោះទេ ដែលជាស្ថានភាពមួយត្រូវបានផ្សារភ្ជាប់ជាមួយនឹងរោគសញ្ញារាងកាយដូចជាដកដង្ហើមបានខ្លី រួមទាំងផលរំខានផ្នែកបញ្ញាផងដែរ៕