ក្រុមគ្រួសាររបស់ជនរងគ្រោះមួយចំនួនក្នុងចំណោមមនុស្ស ៣៤៦នាក់ដែលបានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះ ប៊ូអ៊ីង ៧៣៧មេក (Boeing 737 MAX) ចំនួនពីរលើក និយាយកាលពីថ្ងៃពុធ (៣១ កក្កដា) ថា ចៅក្រមសហរដ្ឋអាមេរិក គួរតែបដិសេធកិច្ចព្រមព្រៀងដែលស្នើឡើងដោយក្រុមហ៊ុនផលិតយន្តហោះមួយនេះជាមួយក្រសួងយុត្តិធម៌ ហើយរដ្ឋាភិបាលគួរតែផាកពិន័យឱ្យខ្ពស់ជាងនេះ។

នៅថ្ងៃទី២៤ ខែកក្កដា ក្រុមហ៊ុន ប៊ូអ៊ីង បានបញ្ចប់កិច្ចព្រមព្រៀងមួយដើម្បីផ្ដល់ចម្លើយពីភាពមានទោសរបស់ខ្លួនចំពោះការចោទប្រកាន់ពីបទសមគំនិតក្លែងបន្លំព្រហ្មទណ្ឌ និងបង់ប្រាក់រហូតដល់ ៤៨៧លានដុល្លារ បន្ទាប់ពីបំពានកិច្ចព្រមព្រៀងកាត់ទោសកាលឆ្នាំ២០២១។

លោក ផល ខាសែល (Paul Cassell) មេធាវីតំណាងក្រុមគ្រួសារមួយចំនួនបាននិយាយនៅក្នុងឯកសារតុលាការថា ការផាកពិន័យនេះ «គឺមិនគ្រប់គ្រាន់ទេ។ វាមិនអាចឆ្លុះបញ្ចាំងពីឧក្រិដ្ឋកម្មរបស់ក្រុមហ៊ុន Boeing ដែលបានសម្លាប់ជនរងគ្រោះស្លូតត្រង់រាបរយនាក់នេះបានឡើយ»។

លោក អាឌ្រាន វ៉ូខូវីច (Adrian Vuckovich) មេធាវីម្នាក់ទៀតដែលតំណាងឱ្យសាច់ញាតិជនរងគ្រោះបាននិយាយនៅក្នុងឯកសារដាច់ដោយឡែកមួយថា «យើងស្នើឱ្យក្រុមហ៊ុន Boeing គួរតែត្រូវបង់ប្រាក់ពិន័យច្រើនជាងនេះឱ្យស័ក្ដិសមនឹងតម្លៃនៃជីវិតមនុស្សទាំង ៣៤៦នាក់នោះ ការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អ្នកដទៃ និងបង់ប្រាក់ពិន័យឱ្យដូចទៅនឹងចុងចោទព្រហ្មទណ្ឌសាជីវកម្មផ្សេងទៀត»៕