កំពង់ឆ្នាំង៖ ក្នុងការដោះស្រាយទំនាស់ផ្លូវមួយនៅក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានសំណូមអោយប្រជាជនជាភាគីជម្លោះទាំងអស់ និងមេធាវី ត្រូវរើសយកយុទ្ធសាស្ត្រឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានរដ្ឋសភា ទើបអាចទទួលបានលទ្ធផលល្អទាំងអស់គ្នា ដោយឯកឧត្តមមិនចង់ឃើញរឿងក្តីនេះបន្តនៅប្តឹងគ្នារហូតនោះទេ។ ក្នុងការដោះស្រាយនេះ ក៏មានការចូលរួមពីលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងអាជ្ញាស្រុកឃុំភូមិ ភាគីជម្លោះ មេធាវី និងប្រជាជនផងដែរ។
ឯកឧត្តម ឯក ស៊ុនរស្មី បានបន្តថា៖ ទំនាស់ដីផ្លូវនេះ បានកើតឡើងតាំងពីអំឡុងឆ្នាំ២០១៦ ដែលរហូតមកដល់ពេលនេះ មានរយៈពេលជិត៩ឆ្នាំហើយ មិនទាន់មានភាគីខាងណាទទួលបានជោគជ័យឡើយ ។ ការបន្តការប្តឹងផ្តល់គ្នាទៅវិញទៅមកមិនចេះចប់មិនចេះហើយនេះ នាំអោយខាតបង់ពេលវេលា លុយកាក់ ជាពិសេសជាសត្រូវនឹងគ្នាទៀតផង ។ ដោយគោរពតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីអោយរឿងក្តីនេះឆាប់ចប់ និងទទួលបានជោគជ័យ មិនបង្កការខាតបង់ពេលវេលា ទ្រព្យសម្បត្តិនោះទាំងអស់គ្នានោះ ឯកឧត្តមព្រះរាជអាជ្ញាបានសំណូមពរដល់ភាគីទាំងសងខាង រួមនិងមេធាវី សូមបរិច្ចាកដីប្រវែងទទឹង២ម៉ែត្រ បណ្តោយ៣០ម៉ែត្រ ធ្វើជាផ្លូវចេញចូលសម្រាប់ជាប្រយោជន៍ប្រជាជននៅខាងក្រោយជាច្រើនគ្រួសារបានចេញចូលផង ព្រោះភាគីជម្លោះក៏មានដីច្រើនម៉ែត្រទៀតដែរសម្រាប់ប្រើប្រាស់។
ក្រោយពីបានស្តាប់នូវសំណូមពររបស់ឯកឧត្តមព្រះរាជអាជ្ញារួមមក ប្រជាជនជាភាគីទាំងសងខាង បានសុំពេលទៅគិតគ្នាជាមួយគ្រួសារ និងមេធាវីខ្លួនសិន មុននឹងសម្រេចយកយុទ្ធសាស្ត្រឈ្នះៗនេះ៕ កាំង ហុងវាស្នា











