
ប្រទេសអេហ្ស៊ីប និងហ្ស៊កដានី កាលពីថ្ងៃពុធ បានជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អនុម័តសេចក្តីសម្រេចដែលជាប់កាតព្វកិច្ច ដោយបង្ខំឲ្យអ៊ីស្រាអែល បញ្ឈប់ការវាយប្រហាររបស់ខ្លួន នៅតំបន់ហ្កាហ្សាស្ទ្រីប និងបញ្ឈប់ «ការបន្តបំពាន»លើច្បាប់អន្តរជាតិ។
ក្រសួងការបរទេសអេហ្ស៊ីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty និងសមភាគីហ្សកដានី លោក Ayman Safadi បានឲ្យអ៊ីស្រាអែល ទទួលខុសត្រូវចំពោះការកើនឡើងដ៏គ្រោះថ្នាក់នៅក្នុងតំបន់ ដែលជាលទ្ធផលនៃ «ការឈ្លានពានរបស់ខ្លួនលើតំបន់ហ្កាហ្សាស្ទ្រីប ការបំពានលើច្បាប់អន្តរជាតិ ការអនុវត្តខុសច្បាប់នៅតំបន់វេសបែង និងការសម្លាប់មនុស្សក្នុងគោលបំណងនយោបាយ»។
សេចក្តីថ្លែងការណ៍ បាននិយាយថា រដ្ឋមន្ត្រីទាំងពីរ បានសង្កត់ធ្ងន់លើតម្រូវការ ដើម្បីធ្វើការឆ្ពោះទៅរកការធ្វើឲ្យស្ថានការណ៍ស្ងប់ស្ងាត់ ដើម្បីទប់ស្កាត់ជម្លោះទ្រង់ទ្រាយធំក្នុងតំបន់ ដែលនឹងធ្វើឲ្យប៉ះពាល់ស្ថិរភាពនៅមជ្ឈិមបូព៌ា ជាពិសេស បន្ទាប់ពីការបង្កើនភាពតានតឹងដោយអ៊ីស្រាអែល នាពេលថ្មីៗនេះ។

កងឆ្មាំបដិវត្តន៍ឥស្លាមរបស់ប្រទេសអ៊ីរ៉ង់ បាននិយាយថា ប្រធានការិយាល័យនយោបាយរបស់ក្រុមហាមាស លោក អ៊ីស្មេល ហានីយេ (Ismail Haniyeh) ដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃអង្គារ ត្រូវបានសម្លាប់ កាលពីព្រឹកថ្ងៃពុធ នៅពេលដែលគេហដ្ឋានរបស់លោកក្នុងទីក្រុងតេអេរ៉ង់ ត្រូវបានវាយប្រហារ ដែលបានចោទប្រកាន់អ៊ីស្រាអែលថា បានធ្វើការវាយប្រហារភេរវកម្ម និងបានបេជ្ញា«ការឆ្លើយតបដ៏ខ្លាំងក្លានិងគួរឲ្យឈឺចាប់បំផុត។