បាល់ទាត់៖ ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Muguel Angel Junco Martinez ហៅ Mika បានរកគ្រាប់បាល់ Hat-Trick ៣គ្រាប់ម្នាក់ឯងជួយឲ្យក្រុមព្រះខ័នរាជស្វាយរៀង វាយបកយកឈ្នះក្រុមភ្ញៀវសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy Army) ដោយលទ្ធផល ៣-២ ក្នុងជំនួបសប្ដាហ៍ទី១២ នៃលីគកំពូលកម្ពុជាឆ្នាំ២០២១ កាលពីល្ងាចថ្ងៃទី០៥ ខែកញ្ញា។
គូឯកប្រចាំសប្ដាហ៍នាកីឡដ្ឋានខេត្តស្វាយរៀងនេះ វគ្គទី១ ក្រុមទាំងពីរ មិនអាចបំប៉ោងសំណាញ់ទីគ្នាបាននោះទេ។ ប៉ុន្ដែចូលវគ្គទី២ ត្រឹមរយៈពេលប្រមាណ ១៥នាទី ក្រុមកងយោធពលខេមរផភូមិន្ទបានស៊ុតបើកការនាំមុខក្រុមម្ចាស់ផ្ទះ ២គ្រាប់មុន ដែលស៊ុតពីចម្ងាយដោយកីឡាករជប៉ុន Yuta Kikuchi នៅនាទី៤៩ និងកីឡាករ ណារ៉ុង កក្កដា នៅនាទី៦២។ ប៉ុន្ដែរយៈពេល ១៥នាទីចុងម៉ោង ព្រះខ័នរាជស្វាយរៀងបានព្យាយាមវាយបករហូតរកបាន ៣គ្រាប់ត្រឡប់មកវិញដោយកីឡាករ Mika ម្នាក់ឯងនៅនាទី៧៦ ក្រោយឆក់បាល់បានពីខ្សែការពារក្រុម Tiffy Army ខណៈ ២គ្រាប់ទៀតធ្វើបានសម្រេចដោយការទាត់បាល់ប៉េណាល់ទី នៅនាទី៨១ បន្ទាប់ពីអ្នកចាំទី គង់ រ៉ាហ្វាត់ បង្កកំហុសលើ ប្រាក់ មុន្នីឧត្តម និងនៅនាទី៩០+៣ បន្ទាប់ពីបាល់ប៉ះដៃ ឈិន ឈឿន ក្នុងប្រអប់។
ការវាយបកពីសំណាក់ក្រុមម្ចាស់ផ្ទះ បានធ្វើឲ្យក្រុមលោក Conor Nestor យកឈ្នះលើក្រុមលោក Lee Tae Hoon ក្នុងលទ្ធផលបច្ចេកទេស ៣-២។ ជ័យជម្នះនេះធ្វើឲ្យក្រុមព្រះខ័នរាជស្វាយរៀងឡើងឈរលេខរៀងទី២ បណ្ដោះអាសន្នដោយមាន ២២ពិន្ទុស្មើគ្នាជាមួយភ្នំពេញក្រោន បន្ទាប់ពីប្រកួត ១១លើកឈ្នះ៧ ស្មើ១ និងចាញ់៣ ស្របពេលក្រុមកងយោធពលខេមរភូមិន្ទបន្ដឈរលេខរៀងទី៧ និងមាន ១៦ពិន្ទុក្នុងដៃក្រោយប្រកួត ១១លើកឈ្នះ៤ ស្មើ៤ និងចាញ់ ៣ប្រកួត៕
អត្ថបទ៖ លី ឈុនឡា