
អំពើហិង្សាថ្មីៗ បានផ្ទុះឡើងនៅក្នុងប្រទេសបង់ក្លាដែសរវាងនគរបាល និងក្រុមបាតុករនិស្សិតទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះនៃភាពចលាចលថ្មីៗនេះ។
មន្ត្រីមួយរូបនៅក្នុងទីក្រុង Sylhet ភាគឦសាន បាននិយាយថា ក្រុមបាតុករ បានវាយប្រហារបស់នគរបាល ដោយបង្ខំឲ្យពួកគេប្រើឧស្ម័នបង្ហូរទឹកភ្នែកកាលពីថ្ងៃពុធ។ ការប៉ះទង្គិចគ្នា ក៏ត្រូវបានគេរាយការណ៍នៅក្នុងរដ្ឋធានីដាក្កា និងទីក្រុងផ្សេងទៀតផងដែរ។
មនុស្សជាង ២០០នាក់ ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សាក្នុងខែនេះ ដែលភាគច្រើនជាលទ្ធផលនៃការបើកការបាញ់ប្រហាររបស់នគរបាល។ មនុស្សជិត ១០.000នាក់ ត្រូវបានគេរាយការណ៍ថា ត្រូវបានឃាត់ខ្លួន។

រូបថតជាច្រើនដែលបានផ្ញើពីទីក្រុង Barisal ភាគខាងត្បូងទៅកាន់សារព័ត៌មាន BBC បង្ហាញនគរបាលពាក់ឧបករណ៍ការពារកុបកម្ម និងកាន់ដំបង រារាំងបាតុកម្ម និងបំបែកហ្វូងបាតុករ ដែលភាគច្រើនជាស្ត្រី។
«ការហែក្បួនដើម្បីយុត្តិធម៌»កាលពីថ្ងៃពុធ ត្រូវបានហៅដោយចលនានិស្សិតប្រឆាំងនឹងការរើសអើង។
ក្រុមនិស្សិត បាននិយាយថា ពួកគេកំពុងធ្វើបាតុកម្មប្រឆាំងនឹង «ការសម្លាប់រង្គាល ការចាប់ខ្លួន ការវាយប្រហារ និងការបាត់ខ្លួននិស្សិត និងប្រជាជន»។