
សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (ទី៣១ ខែកក្កដា) បានដំឡើងការផ្ដល់យោបល់លើការធ្វើដំណើររបស់ខ្លួនពាក់ព័ន្ធនឹងប្រទេសលីបង់ឲ្យឡើងដល់កម្រិត «កុំធ្វើដំណើរ» ខ្ពស់បំផុត ដោយលើកឡើងពីការកើនឡើងនូវភាពតានតឹង រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បន្ទាប់ពីការវាយប្រហារលើភាគខាងត្បូងទីក្រុងបេរូត (Beirut) បានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ក្រុមប្រដាប់អាវុធមួយនេះ។
អមដោយការបន្ថែមថា ពលរដ្ឋនៅភាគខាងត្បូងលីបង់ ឬនៅក្នុងកន្លែងតាំងទីលំនៅជនភៀសខ្លួន គួរតែចាកចេញនោះ ក្រុមផ្ដល់ប្រឹក្សាបាននិយាយថា៖ «ចូរកុំធ្វើដំណើរទៅប្រទេសលីបង់ ដោយសារតែការកើនឡើងនូវភាពតានតឹង រវាងក្រុមហេសបូឡា និងអ៊ីស្រាអែល។ ប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងប្រទេសលីបង់ សូមត្រៀមខ្លួនរកកន្លែងជ្រកកោន ប្រសិនបើស្ថានការណ៍កាន់តែអាក្រក់ទៅៗ»។
ចំណែកប្រទេសស្វីសក៏បានជំរុញឲ្យពលរដ្ឋរបស់ខ្លួនចាកចេញពីលីបង់ដែរ ដោយកត់សម្គាល់ពីស្ថានភាពប្រែប្រួលយ៉ាងខ្លាំង នៅក្នុងប្រទេសនេះ។ ហើយប្រទេសអូស្ត្រាលីក៏ដូចគ្នាដែរ បានស្នើឲ្យប្រជាជនរបស់ខ្លួននៅលីបង់ចាកចេញជាបន្ទាន់ ដោយនិយាយថា មានហានិភ័យពិតប្រាកដណាស់ ដែលភាពតានតឹង រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡា អាចវិវត្តទៅរកភាពធ្ងន់ធ្ងរឡើងៗ។ សំណើនេះធ្វើឡើងបន្ទាប់ពីប្រទេសអង់គ្លេសផ្តល់ប្រឹក្សាស្រដៀងគ្នានេះដែរ ក្នុងសប្តាហ៍នេះ។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនអាកាសចរណ៍ Air France និងក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Transavia France នៅប្រទេសបារាំង នាថ្ងៃពុធនោះ ក៏បានប្រកាសថា ជើងហោះហើររបស់ពួកគេ រវាងទីក្រុងប៉ារីស និងទីក្រុងបេរូត នឹងនៅតែផ្អាករហូតដល់ចុងសប្តាហ៍ ដោយសារតែ «ស្ថានភាពសន្តិសុខ» នៅប្រទេសលីបង់។
គួរបញ្ជាក់ថា ក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់របស់ប្រទេសលីបង់មួយនេះ កាលពីថ្ងៃពុធ បានប្រាប់ឲ្យដឹងថា មេបញ្ជាការយោធាជាន់ខ្ពស់ លោក Fuad Shukr ស្ថិតនៅក្នុងអគារភាគខាងត្បូងទីក្រុងបេរូត នៅពេលដែលអាគារនោះត្រូវបានវាយប្រហារដោយអ៊ីស្រាអែល កាលពីថ្ងៃមុន ប៉ុន្តែបាននិយាយថា ជោគវាសនារបស់មេបញ្ជាការរូបនោះ នៅតែមិនទាន់ដឹងនៅឡើយទេ៕