
មនុស្សមិនតិចជាង ១១នាក់នោះឡើយ បានបាត់បង់ជីវិត បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង នៅផ្នែកផ្សេងៗនៃតំបន់ភាគខាងជើងប្រទេសឥណ្ឌា នាថ្ងៃព្រហស្បតិ៍ (ទី១ ខែសីហា) នោះ ហើយមនុស្សជាង ២៥០នាក់ បានបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ដូចគ្នា នៅតំបន់ភ្នំហិម៉ាល័យ ដោយក្នុងនោះរួមទាំងអ្នកធ្វើធម្មយាត្រាដែលជាប់នៅលើផ្លូវធម្មយាត្រាដ៏ល្បីល្បាញមួយ។
នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) ដែលគ្រប់គ្រងដោយរដ្ឋ បានកត់ត្រាទឹកភ្លៀងកម្រិត ១៨៣មីលីម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ នៅតំបន់ទេសចរណ៍ដ៏ល្បីល្បាញ Dharamshala ក្នុងរដ្ឋ Himachal Pradesh។
ហើយរដ្ឋមន្ដ្រីប្រចាំរដ្ឋ លោក Sukhvinder Singh Sukhu បានឲ្យដឹងតាមរយៈការបង្ហោះលើបណ្ដាញសង្គម X ថា មនុស្សជាង ៥០នាក់បានបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋធានី Shimla និងតំបន់ជុំវិញនោះ ដោយលោកបន្ថែមថា ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្តធ្វើ។

ចំណែករដ្ឋមន្ត្រីនាយកដ្ឋានចំណូលប្រចាំរដ្ឋ លោក Jagat Singh Negi បាននិយាយថា មនុស្ស ២នាក់ស្លាប់ បន្ទាប់ពីរបាំងថ្មនៅក្នុងគម្រោងថាមពលមួយបានបាក់ ដែលរារាំងដល់ការតភ្ជាប់ក្នុងតំបន់។
គួរបញ្ជាក់ថា ភ្លៀងធ្លាក់យ៉ាងខ្លាំងភ្លាមៗ រួមជាមួយនឹងសំណង់ដែលមិនចេះរីងទឹក បានបង្កឲ្យមានជាទឹកជំនន់ភ្លាមៗ និងបំណាក់ដីយ៉ាងធ្ងន់ធ្ងរ នៅតំបន់ភ្នំប្រទេសឥណ្ឌា ហើយនិងប្រទេសជិតខាងប៉ាគីស្ថាន និងនេប៉ាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយការមានភ្លៀងធ្លាក់ខ្លាំងបែបនេះត្រូវបានសន្មត់ថា មានចំណែកពីបម្រែបម្រួលអាកាសធាតុ៕