លោក Nasr al-Nusairi អនុប្រធាននៃសាជីវកម្មកំពង់ផែនៅសមុទ្រក្រហម ប្រទេសយេម៉ែន បាននិយាយថា កំពង់ផែ Hodeidah គ្រប់គ្រងដោយក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន បានខាតបង់ជាង២០លានដុល្លារ ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល កាលពីពេលថ្មីៗនេះ។
យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានវាយប្រហារគោលដៅយោធាក្រុមហ៊ូទី នៅជិតកំពង់ផែ Hodeidah របស់ប្រទេសយេម៉ែន កាលពីថ្ងៃទី២០ ខែកក្កដា បានសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់ និងរងរបួស៨៧នាក់ មួយថ្ងៃបន្ទាប់ពីយានដ្រូនរបស់ក្រុមហ៊ូទី បានវាយប្រហារមជ្ឈមណ្ឌលសេដ្ឋកិច្ច អ៊ីស្រាអែល នៅទីក្រុង Tel Aviv ។
កំពង់ផែ Hodeida ត្រូវបានចាត់ទុកថាជាបណ្តាញសម្រាប់ការដឹកជញ្ជូនជំនួយមនុស្សធម៌ និងទំនិញពាណិជ្ជកម្ម ទៅកាន់ប្រទេសយេម៉ែន ដែលបានជួបភាពច្របូកសច្របល់ក្នុងសង្គ្រាមស៊ីវិល ចាប់តាំងពីឆ្នាំ ២០១៤។ យោងតាមគេហទំព័រ ReliefWeb បានឲ្យដឹងថា កំពង់ផែនេះគ្រប់គ្រង៨០ភាគរយនៃជំនួយរបស់ប្រទេស ទំនិញសំខាន់ៗ និងប្រេងឥន្ធនៈ ដែលប្រទេសយេម៉ែន ពឹងផ្អែកលើ សម្រាប់ការរស់រាន។
លោក al-Nusairi និយាយថា ទោះបីជាមានការខូចខាតក៏ដោយ កំពង់ផែនេះ បានបន្តប្រតិបត្តិការធម្មតាឡើងវិញ ក្នុងរយៈពេល៣៦ម៉ោងនៃការវាយប្រហារ។
ក្រុមឧទ្ទាមហ៊ូទី បានបាញ់មីស៊ីល និងបង្ហោះយានដ្រូន ទៅកាន់ប្រទេសអ៊ីស្រាអែល ហើយបានបង្អាក់ដល់ពាណិជ្ជកម្មសកល តាមរយៈសមុទ្រក្រហម ដើម្បីឆ្លើយតបទៅនឹងការវាយលុករបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា។
អ៊ីស្រាអែលនិយាយថា ក្រុមហ៊ូទី ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ បានបើកការវាយប្រហារចំនួន២០០លើក មកលើប្រទេសខ្លួន ចាប់តាំងពីសង្រ្គាមចាប់ផ្តើម ប៉ុន្តែការវាយប្រហារភាគច្រើន ត្រូវបានស្ទាក់ចាប់ ហើយពុំមានគ្រោះថ្នាក់ ដល់ជីវិតមនុស្សនោះទេ។