ប្រទេសចិន នឹងហាមឃាត់ការនាំចេញយានដ្រូនស៊ីវិលដែលមិនមានការត្រួតពិនិត្យទាំងអស់ ដែលអាចប្រើប្រាស់សម្រាប់គោលបំណងយោធា ឬក្នុងសកម្មភាពភេរវកម្ម និងរឹតបន្តឹងបច្ចេកវិទ្យាយានដ្រូនមួយ ខណៈដែលទីក្រុងប៉េកាំង ប្រឈមមុខនឹងការរិះគន់លោកខាងលិចម្តងហើយម្តងទៀតជុំវិញជំហររបស់ខ្លួនចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
ក្រសួងពាណិជ្ជកម្ម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធថា ការសម្រេចនេះ ត្រូវបានធ្វើឡើងផងដែរ ដើម្បីការពារការប្រើប្រាស់យានដ្រូននៅក្នុង «ការរីកសាយនៃអាវុធប្រល័យលោក ដោយបន្ថែមថា សម្ភារៈមួយចំនួន ដូចជាឧបករណ៍ថតរូបភាពប្រើឡាស៊ែរសម្រាប់ការចង្អុលបង្ហាញគោលដៅ និងឧបករណ៍វាស់ស្ទង់និចលភាព ដែលមានភាពជាក់លាក់កម្រិតខ្ពស់ នឹងត្រូវបានដាក់ក្នុងបញ្ជីត្រួតពិនិត្យការនាំចេញ។
ក្រសួង ក៏បាននិយាយដែរថា ខ្លួនកំពុងដកការរឹតបន្តឹងបណ្ដោះអាសន្នដែលដាក់លើយានដ្រូនស៊ីវិល ដោយមិនបានបញ្ជាក់ថាប្រភេទណាទេ ប៉ុន្តែកាលពីឆ្នាំមុន ទីក្រុងប៉េកាំង បានដាក់កម្រិតលើការនាំចេញយានដ្រូនរយៈចម្ងាយឆ្ងាយ ខណៈដែលលើកឡើងពីសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។
បទប្បញ្ញត្តិនេះ នឹងចូលជាធរមាន នៅថ្ងៃទី ០១ ខែកញ្ញា។