ប្រទេសស៊ូដង់ កាលពីថ្ងៃពុធ បានថ្កោលទោសចំពោះការធ្វើឃាតប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយេ (Ismail Haniyeh) នៅក្នុងរដ្ឋធានីតេអេរ៉ង់របស់ប្រទេសអ៊ីរ៉ង់។
ក្រសួងការបរទេសស៊ូដង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«រដ្ឋាភិបាលនៃប្រទេសស៊ូដង់ ថ្កោលទោសឧក្រិដ្ឋកម្មនៃការធ្វើឃាតមេដឹកនាំក្រុមហាម៉ាសកាលពីថ្ងៃពុធ នៅក្នុងទីក្រុងតេអេរ៉ង់»។
សេចក្តីថ្លែងការណ៍នោះ បានសង្កត់ធ្ងន់ទៅលើការបដិសេធនិងការថ្កោលទោសរបស់រដ្ឋាភិបាលស៊ូដង់ ចំពោះការប្រើប្រាស់«ការសម្លាប់»ប្រឆាំងនឹងគូប្រជែងនយោបាយ។
ក្រុមហាម៉ាស បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីព្រឹកថ្ងៃពុធ អំពីការធ្វើឃាតលោក ហានីយេ ក្នុងការវាយឆ្មក់ក្នុងទីក្រុងតេអេរ៉ង់។
ក្រុមនេះ បានអះអាងថា លោក ហានីយេ ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់លើគេហដ្ឋានរបស់គាត់ នៅក្នុងទីក្រុងតេអេរ៉ង់ បន្ទាប់ពីបានចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីនៃប្រទេសអ៊ីរ៉ង់ លោក Masoud Pezeshkian។