អាហ្វហ្គានីស្ថាន៖ ជើងហោះហើរក្នុងស្រុករបស់អាហ្វហ្គានីស្ថាន ដែលត្រូវបានផ្អាកបន្ទាប់ពីការដណ្តើមកាន់កាប់ដោយក្រុមតាលីបង់ បានចាប់ផ្តើមឡើងវិញកាលពីចុងសប្តាហ៍ ដោយក្រុមហ៊ុនអាកាសចរណ៍អារីយ៉ាណាអាហ្វហ្គានីស្ថានអ៊ែរឡាញ ធ្វើប្រតិបត្តិការរវាងរដ្ឋធានីកាប៊ុល និងខេត្តចំនួន ៣។

លោក Shershah Stor អ្នកគ្រប់គ្រងស្ថានីយ៍អាកាសចរណ៍ នៅអាកាសយានដ្ឋានរដ្ឋធានីកាប៊ុលបានប្រាប់សារព័ត៌មាន AP ថា ជើងហោះហើរបានចាប់ផ្តើមឡើងវិញកាលពីថ្ងៃសៅរ៍ ទៅភាគខាងលិចទីក្រុង Herat, ភាគខាងត្បូងទីក្រុង Kandahar និងទីក្រុង Balkh ភាគខាងជើង។ លោកបាននិយាយថា ការធ្វើដំណើរត្រូវបានធ្វើឡើងដោយគ្មានប្រព័ន្ធរ៉ាដា នៅអាកាសយានដ្ឋានរដ្ឋធានី។ ក្រុមបច្ចេកទេសកាតា និងទួរគីបានមកដល់រដ្ឋធានីកាប៊ុលកាលពីសប្តាហ៍មុន ដើម្បីជួយដំណើរការប្រតិបត្តិការឡើងវិញ នៅព្រលានយន្តហោះដែលអង្គការសហប្រជាជាតិនិយាយថា មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសនេះ។
ទោះយ៉ាងណាក៏ដោយវានៅតែត្រូវបានគេមើលថា តើក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មណាមួយ នឹងមានឆន្ទៈក្នុងការផ្តល់សេវាកម្ម ឬយ៉ាងណា៕
អត្ថបទ៖ សុខមាន