ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាពីផលប៉ះពាល់នៃការកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ា លើសេដ្ឋកិច្ច និងសន្តិសុខក្នុងស្រុក។
កិច្ចប្រជុំនេះ ដឹកនាំដោយទីប្រឹក្សាសន្តិសុខជាតិ លោក Chang Ho-jin និងលោក Sung Tae-yoon ប្រធានបុគ្គលិកទទួលបន្ទុកគោលនយោបាយ និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីការិយាល័យប្រធានាធិបតី ក្រសួងហិរញ្ញវត្ថុ ក្រសួងការបរទេស ការពារជាតិ និងឧស្សាហកម្ម និង សេវាស៊ើបការណ៍ ជាតិ។
ពួកគេ បានពិនិត្យឡើងវិញនូវវិធានការជម្លៀសសម្រាប់ជនជាតិកូរ៉េខាងត្បូង នៅមជ្ឈិមបូព៌ា ក៏ដូចជាផលប៉ះពាល់លើការផ្គត់ផ្គង់ថាមពល និងទីផ្សារហិរញ្ញវត្ថុក្នុងស្រុក ដោយកត់សម្គាល់ថា មិនមានការរំខានអ្វីធំដុំទេ រហូតមកដល់ពេលនេះ។
ពួកគេ បានយល់ព្រមបន្តតាមដានទីផ្សារទាំងក្នុង និងក្រៅប្រទេស ដោយមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីត្រៀមទប់ទល់នឹងលទ្ធភាពការកើនឡើងនៃជម្លោះ និងពិភាក្សាគ្នាយ៉ាងជិតស្និទ្ធក្នុងករណីមានអាសន្ន ដើម្បីធានាបាននូវវិធានការចាំបាច់នានា ត្រូវបានចាត់វិធានការភ្លាមៗ តាមការណែនាំអំពីការឆ្លើយតបរបស់រដ្ឋាភិបាល។
ភាពតានតឹងនៅមជ្ឈិមបូព៌ា បានកើនឡើង បន្ទាប់ពីការធ្វើឃាតមេដឹកនាំនយោបាយជាន់ខ្ពស់របស់ក្រុមហាម៉ាស គឺលោក អ៊ីស្មេល ហានីយេ ( Ismail Haniyeh) នៅក្នុងប្រទេសអ៊ីរ៉ង់ នៅដើមសប្តាហ៍នេះ។