រូបភាពវីដេអូឃ្លីប ចាក់ផ្សាយដោយទូរទស្សន៍រដ្ឋចិន CCTV នៅថ្ងៃព្រហស្បតិ៍នេះ ឃើញភូមិដ្ឋានប្រជាពលរដ្ឋ និងដីកសិកម្មរកការជន់លិចនៅខេត្តភាគឦសាន Heilongjiang ប្រទេសចិន ក្រោយភ្លៀងធ្លាក់ឥតឈប់ឈរ ។
CCTV រាយការណ៍ថា កិច្ចខិតខំជម្លៀសខ្លួន បន្តនៅតំបន់ភាគខាងជើងប្រទេសចិន ស្របពេលដែលតំបន់នេះ ប្រឈមនឹងទឹកជំនន់ និងបំណាក់បង្កឡើងដោយសារចំហាយព្យុះទីហ្វុង Gaemi ។
រូបភាពវីដេអូឃ្លីបពី CCTV ឃើញទន្លេ Mudan ស្ថិតក្នុងខេត្ត Heilongjiang ដែលតាមធម្មតាមានទទឹងប្រវែង ២០០ម៉ែត្រ បានហូរប្រៀបច្រាំងចម្ងាយជាង ២ គ.ម ជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ និងដីកសិកម្ម ។
សារព័ត៌មានរដ្ឋ រាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យទឹកស្ទឹងចំនួន ២៨កន្លែង នៅខេត្ត Jilin ឡើងដល់កម្រិតប្រកាសអាសន្ន ។
ទឹកជំនន់នៅតំបន់មួយចំនួនក្នុងទីក្រុង Ning'an ស្ថិតតាមដងទន្លេ Mudanjiang នៅខេត្ត Heilongjiang បានឡើងដល់កម្រិតប្រកាសអាសន្ន ។
រូបភាពវីដេអូឃ្លីបរបស់យានដ្រូន ឃើញដីកសិកម្ម និងផ្ទះសម្បែងប្រជាពលរដ្ឋ រងការជន់លិច ហើយអ្នកភូមិទាំងអស់ ត្រូវបានជម្លៀសខ្លួន ។
ខណៈពេលនោះដែរ ក្រសួងធនធានទឹកចិន បានដាក់ចេញវិធានការឆ្លើយសង្រ្គោះបន្ទាន់កម្រិតទី ៤ ដើម្បីការពារទឹកជំនន់នៅខេត្ត Heilongjiang ។
ដោយឡែក ផ្លូវសំខាន់ៗនៅទីក្រុង Changchun ដែលជារដ្ឋធានីរបស់ខេត្ត Jilin រងការជន់លិចផងដែរ ៕