ក្រុមកាកបាទក្រហមកូរ៉េខាងត្បូងនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងសេអ៊ូល បានត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់ជូនកូរ៉េខាងជើង នូវការផ្គត់ផ្គង់ជំនួយសម្រាប់ការខូចខាតដោយសារភ្លៀងធ្លាក់ខ្លាំងកាលពីពេលថ្មីៗកន្លងមកនេះ ។
ក្រុមកាកបាទក្រហម និយាយថា ក្រុមអាជ្ញាធរនៅកូរ៉េខាងត្បូង បានត្រៀមខ្លួនរួចរាល់ក្នុងការពិភាក្សាលើការផ្គត់ផ្គង់ជំនួយដែលត្រូវការ ទំហំនៃជំនួយ និងវិធីផ្ទេរជំនួយ ហើយនិងទន្ទឹងរង់ចាំការឆ្លើយតបរហ័សពីទីក្រុងព្យុងយ៉ាង ។
គួរឲ្យដឹងថា កាលពីពេលមុន ក្រុមកាកបាទក្រហមកូរ៉េខាងត្បូង បានដឹកនាំការអនុវត្តគម្រោងរវាងប្រទេសបងប្អូនកូរ៉េទាំង ២ រួមទាំងការជួបជុំគ្នារបស់គ្រួសារបែកគ្នា និងការផ្គត់ផ្គង់ជំនួយ ។
សារព័ត៌មានរដ្ឋកូរ៉េខាងជើង បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារតំបន់ភាគពាយ័ព្យកូរ៉េខាងជើង កាលពីរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ធ្វើឲ្យជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋជាង ៤ពាន់ខ្នងនៅតំបន់ Sinuiju និងតំបន់ Uiju ៕