
អំឡុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅទីក្រុង Sanaa ប្រទេសយេម៉ែន មន្រ្តីមួយរូបរបស់ក្រុមឧទ្ទាមហ៊ូទីលោក Nasr al-Din Amer និយាយថា អ៊ីស្រាអែល នឹងប្រឈមរលកនៃការសងសឹក បន្ទាប់ពីការសម្លាប់មេដឹកនាំក្រុមហាម៉ាស់លោក Ismail Haniyeh ។
លោក Nasr និយាយថា អ៊ីស្រាអែល បានឆ្លងចូលខ្សែបន្ទាត់ក្រហមធំបំផុត ស្របពេលមានសង្រ្គាមដ៏ខ្លាំងក្លា និងកិច្ចចរចាស្វែងបទឈប់បាញ់ ។
ក្រុមជីវពលប៉ាឡេស្ទីន និយាយថា មេដឹកនាំក្រុមហាម៉ាស់ ត្រូវបានគេធ្វើឃាតនៅព្រឹកមិញថ្ងៃពុធក្នុងប្រទេសអ៊ីរ៉ង់ ធ្វើឲ្យកើតមានការព្រួយបារម្ភដល់ការឡើងកម្តៅភាពតានតឹងបន្ថែមទៀតនៅក្នុងតំបន់ ដែលរងភាពរង្គោះរង្គើរួចទៅហើយដោយសារសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ហើយនិងជម្លោះកាន់តែធ្ងន់ធ្ងរនៅប្រទេសលីបង់ ។

អំឡុងបាតុកម្មរបស់ក្រុមនិស្សិតនៅទីក្រុង Sanaa ជាការថ្កោលទោសចំពោះការសម្លាប់លោក Haniyeh បាតុករមួយរូបដែលជាជានិស្សិតយេម៉ែនគឺលោក Abudllah Hassan និយាយថា ប្រសិនបើទុក្ករបុគ្គល Ismail Haniyeh បានធ្វើទុក្ករកម្ម មានមនុស្សប្រុស ១ពាន់នាក់ និងមេដឹកនាំ ១ពាន់នាក់ នឹងចាប់កំណើត ។
សូមបញ្ជាក់ថា ក្រុមឧទ្ទាមហ៊ូទី បានបើកការវាយប្រហារដោយយានដ្រូន និងមីស៊ីល លើអ៊ីស្រាអែល និងបង្អាក់ដល់ផ្លូវពាណិជ្ជកម្មសកលលោក ឆ្លងកាត់សមុទ្រក្រហម ដើម្បីជាការឆ្លើយតបនឹងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្រ្ទីប ៕