
ទីភ្នាក់ងារសារព័ត៌មាន Interpress បានរាយការណ៍ថា នាយករដ្ឋមន្ត្រីហ្សកហ្ស៊ី លោក Irakli Kobakhidze នៅថ្ងៃព្រហស្បតិ៍ (ទី១ ខែសីហា) នេះ បានស្នើ «រៀបចំឡើងវិញ" ដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានផ្អាកផ្ដល់ជំនួយជាង ៩៥លានដុល្លារ ជុំវិញការព្រួយបារម្ភអំពីការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ។
គួរបញ្ជាក់ថា ប្រទេសហ្សកហ្ស៊ីបានធ្លាក់ចូលទៅក្នុងវិបត្តិ នៅនិទាឃរដូវនេះ ជុំវិញការអនុម័តច្បាប់ ស្តីពី «ភ្នាក់ងារបរទេស» ដែលចូលជាធរមាន នៅថ្ងៃព្រហស្បតិ៍។

អ្នកនយោបាយបក្សប្រឆាំង និងលោកខាងលិច លើកឡើងថា ច្បាប់ដែលតម្រូវឲ្យអង្គការដែលទទួលបានមូលនិធិលើសពី ២០ភាគរយពីបរទេសឲ្យចុះឈ្មោះជា "«ភ្នាក់ងារទទួលឥទ្ធិពលពីបរទេស» គឺជាអំពើផ្តាច់ការ ហើយនឹងរារាំងក្រុមអ្នកប្រឆាំង។
សារព័ត៌មាន Interpress បានដកស្រង់សម្តីលោក Kobakhidze ដែលបាននិយាយថា៖ «ពាក់ព័ន្ធនឹងទំនាក់ទំនងហ្សកហ្ស៊ី-អាមេរិក យើងកំពុងស្ថិតក្នុងបែបផែនរង់ចាំ។ យើងបានត្រៀមខ្លួនទាំងស្រុង ដើម្បីរៀបចំទំនាក់ទំនងឡើងវិញ»។
លោកបានបន្ថែមថា៖ «អ្នកដឹងហើយថា ក្នុងរយៈពេល ៣ ទៅ ៤ឆ្នាំចុងក្រោយនេះ មានកំហុសឆ្គងជាច្រើននៅក្នុងទំនាក់ទំនងទាំងនេះ ដូច្នេះទំនាក់ទំនងត្រូវការការរៀបចំឡើងវិញ។ យើងពិតជាបានត្រៀមរួចជាស្រេចហើយ សម្រាប់ការរៀបចំនេះ ហើយរឿងសំខាន់ គឺត្រូវមើលពីជំហានបន្ទាប់»។
គណបក្សក្ដីសុបិនហ្សកហ្ស៊ី (Georgian Dream Party) ដែលជាគណបក្សកាន់អំណាច និយាយថា ច្បាប់ «ភ្នាក់ងារបរទេស» គឺចាំបាច់សម្រាប់ការការពារអធិបតេយ្យភាពជាតិ៕