
មនុស្សរាប់សិបនាក់ ត្រូវបានចាប់ខ្លួន ស្របពេលភាពអាណាធិបតេយ្យ បន្តកើតឡើង បន្ទាប់ពីការវាយប្រហារដោយកាំបិតសម្លាប់មនុស្សនៅទីក្រុង Southport ជាហេតុបណ្តាលឲ្យកើតមានបាតុកម្មនៅតាមតំបន់ជាច្រើនទូទាំងប្រទេសអង់គ្លេស ។
ក្រុមមន្រ្តីអះអាងថា មនុស្សជាង ១០០នាក់ ត្រូវបានចាប់ខ្លួននៅតំបន់ភាគកណ្តាលទីក្រុងឡុងដ្រ៍ កាលពីល្ងាចថ្ងៃពុធ ស្របពេលដែលក្រុមនគរបាល ប៉ះទង្គិចគ្នាជាមួយក្រុមបាតុករនៅតាមដងផ្លូវ Whitehall ស្ថិតនៅជិតផ្លូវ Downing Street ។
ភាពរំជើបរំជួល បានកើតមានផងដែរនៅទីក្រុង Hartlepool ជាទីដែលមនុស្ស ៨នាក់ ត្រូវបានចាប់ខ្លួន ក្រុមមន្រ្តីជាច្រើននាក់ រងរបួស ហើយរថយន្តនគរបាលមួយគ្រឿង ត្រូវបានដុតបំផ្លាញចោល ។

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer នឹងជួបពិភាក្សាការងារជាមួយក្រុមស្នងការនគរបាលនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីផ្តល់ការគាំទ្រយ៉ាងពេញទំហឹងរបស់លោកដល់ពួកគេ ជាការប្រឈមនឹងភាពរំជើបរំជួលកំពុងកើតឡើងមួយនេះ ។
លោក Dal Babu គឺជាអតីតស្នងការនគរបាលក្រុង បានដាក់ការស្តីបន្ទោសភាពគ្មានសណ្តាប់ធ្លាប់នេះលើការរីករាលដាលព័ត៌មានមិនពិត ជុំវិញអត្តសញ្ញាណជនសង្ស័យក្នុងហេតុការណ៍ចាក់សម្លាប់កុមារនៅទីក្រុង Southport ។
សូមបញ្ជាក់ថា ក្មេងស្រី ៣នាក់ ត្រូវបានគេចាក់សម្លាប់ ក្មេង ៥នាក់ និងមនុស្សពេញវ័យ ២នាក់ បានរងរបួសធ្ងន់ធ្ងរ អំឡុងការវាយប្រហារមួយនៅព្រឹត្តការណ៍សិក្ខាសាលាយូហ្គា និងរបាំ “Taylor Swift” កាលពីថ្ងៃចន្ទ នៅទីក្រុង Southport ៕
