
ក្រុមមន្រ្តីនិយាយថា ទីក្រុងវប្បធម៌ Lahore ប្រទេសប៉ាគីស្ថាន បានមើលឃើញភ្លៀងខ្លាំងបំផុតជាប់កំណត់ត្រានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ជន់លិចផ្លូវថ្នល់ ធ្វើឲ្យអាក់ខានដល់ការធ្វើចរាចរណ៍ និងប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង បានចាប់ផ្តើមនៅពេលព្រឹក ហើយត្រូវបានគេរំពឹងថា នឹងបន្តបង្អុរចុះរយៈពេល ១សប្តាហ៍ ។

នៅក្នុងសេចក្តីជូនដំណឹង ពួកគេនិយាយថា ភ្លៀងធ្លាក់នេះ ទំនងជាបណ្តាលឲ្យកើតមានទឹកជំនន់ដ៏គំហក់ និងបំណាក់ដី ។
ភ្លៀងរដូវវស្សានេះដែរ បានវាយប្រហាររដ្ឋធានី Islamabad របស់ប្រទេសប៉ាគីស្ថានផងដែរ និងតំបន់ជាច្រើនផ្សេងទៀត ។
តំបន់មួយចំនួននៅក្នុងទីក្រុង Lahore ទទួលបានទឹកភ្លៀងកម្ពស់ ៣៥៣មីលីម៉ែត្រ ត្រឹមរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ពោលគឺបានបំបែកកំណត់ត្រាភ្លៀងធ្លាក់ខ្លាំងបំផុតរយៈពេល ៤៤ឆ្នាំ នៅក្នុងទីក្រុងមួយនេះ ៕