
មន្ត្រីជាន់ខ្ពស់មួយរូប បានប្រាប់សារព័ត៌មាន AFP ថា នគរបាលបង់ក្លាដែស នៅថ្ងៃព្រហស្បតិ៍ (ទី១ ខែសីហា) នេះ បានដោះលែងពីមន្ទីរឃុំឃាំង ចំពោះមេដឹកនាំនិស្សិតចំនួន ៦នាក់ ដែលយុទ្ធនាតវ៉ាប្រឆាំងនឹងកូតាការងារស៊ីវិលរបស់ពួកគេ បានបង្កឲ្យមានភាបចលាចលទូទាំងប្រទេស កាលពីខែមុន។
គួរបញ្ជាក់ថា ក្រុមនេះបានរៀបចំការប្រមូលផ្តុំគ្នាប្រឆាំងនឹងកូតាការងារមន្ត្រីរាជការ ក្នុងខែកក្កដា ដែលបាតុកម្មនោះបានប្រែក្លាយទៅជាស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងៗ បន្ទាប់ពីមានការបង្រ្កាបរបស់នគរបាល ដោយមានអ្នកបាត់បង់ជីវិត ២០៦នាក់ ក្នុងអំឡុងពេលមានភាពចលាចលជាច្រើនថ្ងៃនេះ។ ចំនួននោះត្រូវផ្អែកលើតួលេខរបស់នគរបាល និងទិន្នន័យពីមន្ទីរពេទ្យ។
លោកស្នងការរង Junaed Alam Sarkar បានប្រាប់ឲ្យដឹងថា៖ «អ្នកសម្របសម្រួលចលនាប្រឆាំងនឹងកូតាការងារទាំង ៦រូប បានត្រឡប់ទៅជួបជុំក្រុមគ្រួសាររបស់ពួកគេវិញហើយ នៅរសៀលនេះ»។

សូមបញ្ជាក់ថា នគរបាលបានឃុំខ្លួនសមាជិកជាន់ខ្ពស់នៃសមាគមនិស្សិតប្រឆាំងនឹងការរើសអើង កាលពីសប្តាហ៍មុន ក្នុងនោះរួមទាំងមេដឹកនាំលោក Nahid Islam ផងដែរ។ លោក Islam និងមនុស្ស ២នាក់ទៀត ត្រូវបានបង្ខំឲ្យចេញពីមន្ទីរពេទ្យ ក្នុងរដ្ឋធានី Dhaka កាលពីថ្ងៃទី២៦ ខែកក្កដា ដោយក្រុមអ្នកស៊ើបអង្កេតស្លៀកពាក់ស៊ីវិល ហើយពួកគេត្រូវបាននាំខ្លួនទៅទីតាំងមួយដែលមិនត្រូវបានស្គាល់។
ចំណែកមេដឹកនាំ ៣នាក់ផ្សេងទៀត ត្រូវបានឃុំខ្លួននៅប៉ុន្មានថ្ងៃបន្ទាប់ ដោយរដ្ឋាភិបាលនិយាយថា នៅពេលនោះការនាំពួកគេទៅឃុំខ្លួន គឺដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ៕