
នៅថ្ងៃព្រហស្បតិ៍នេះ អភិបាលរដ្ឋភាគខាងត្បូង Kerala របស់ប្រទេសឥណ្ឌាលោក Pinarayi Vijayan និយាយថា ក្រុមអាជ្ញាធរ ត្រូវតែធានាឲ្យបានថា វិធានការចាំបាច់ត្រូវបានចាត់ ដើម្បីការពារការរីករាលដាលជំងឺរាតត្បាតនៅតាមជំរំជួយសង្រ្គោះ ស្ថិតក្នុងស្រុក Wayanad ក្រោយតំបន់មួយនេះ រងគ្រោះដោយសារបំណាក់ដីស្លាប់មនុស្ស ។
ភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋតំបន់ឆ្នេរ Kerala បណ្តាលឲ្យកើតមានបំណាក់ដីតំបន់ភ្នំក្នុងស្រុក Wayanad កាលពីព្រឹកថ្ងៃអង្គារ បណ្តាលឲ្យកប់ពន្លិចមនុស្ស ស្របពេលដែលពួកគេកំពុងដេកលង់លក់ ។
ទាហានឥណ្ឌា បានប្រញាប់ប្រញាល់បញ្ចប់ការងារសាងសង់ស្ពានបណ្តោះអាសន្ន តភ្ជាប់តំបន់រងផលប៉ះពាល់ខ្លាំងបំផុត ស្របពេលដែលប្រតិបត្តិការរុករកនៅតែបន្តសម្រាប់សាកសព ខណៈចំនួនមនុស្សស្លាប់កើនឡើងដល់ជាង ២០០នាក់ ។

មេដឹកនាំក្រុមប្រឆាំងលោក Rahul Gandhi ដែលបានឈ្នះអាសនៈនៅស្រុក Wayanad អំឡុងការបោះឆ្នោតសកលកាលពីពេលថ្មីៗនេះ ប៉ុន្តែលោកបានលាលែងវិញ ពេលដែលលោកជាប់ឆ្នោតនៅស្រុកកំណើតគ្រួសាររបស់លោកនៅតំបន់ភាគខាងជើងប្រទេសឥណ្ឌានោះ បានធ្វើដំណើរទៅកាន់តំបន់រងគ្រោះនាថ្ងៃព្រហស្បតិ៍នេះ ។
សូមបញ្ជាក់ថា ភ្លៀងបន្តធ្លាក់ និងកង្វះខាតផ្លូវចូលដល់តំបន់រងផលប៉ះពាល់ បានរារាំងដល់ការងារជួយសង្រ្គោះ រយៈពេល ២ថ្ងៃកន្លងមកនេះ ។
ក្រុមអាជ្ញាធរ និយាយថា មនុស្សជិត ១.៦០០នាក់ ត្រូវបានជួយសង្រ្គោះចេញពីភូមិនៅតាមជើងភ្នំ ហើយផ្ទះសម្បែងប្រជាពលរដ្ឋជិត ៣៥០ខ្នង បានរងផលប៉ះពាល់ដោយសារបំណាក់ដី ៕