កំពង់ធំ ៖ អាជ្ញាធរជាតិប្រាសាទសំបូរព្រៃគុក បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតំបន់អភិរក្ស ប្រាសាទបេតិកភណ្ឌពិភពលោក “ប្រាសាទសំបូរព្រៃគុក” ឱ្យចូលរួមគោរពច្បាប់ និងការពារបេតិកភណ្ឌ ដើម្បីឱ្យប្រាសាទទាំងអស់នៅក្នុងតំបន់ អាចរក្សាបានគង់វង្សយូរអង្វែង និងក្លាយជាគោលដៅទេសចរណ៍ ល្អឯកសម្រាប់ភ្ញៀវទេសចរ។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់កិច្ចការពារបេតិកភណ្ឌ នៅតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃ គុក កាលពីថ្ងៃទី២៨ ខែកញ្ញា ម្សិលមិញ លោក ហេង ថាន អគ្គនាយករងអាជ្ញាធរជាតិសំបូរព្រៃគុក បានលើកឡើងថា ប្រាសាទសំបូរព្រៃគុក គង់វង្សទៅបាន ត្រូវតែមានកិច្ចសហការ និងការពារពីប្រជាពលរដ្ឋនៅក្នុងតំបន់ រួមទាំង ភ្ញៀវទេសចរផងដែរ។
លោក បានបញ្ជាក់ថា ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដែលរស់នៅក្នុងតំបន់ ត្រូវតែដឹងពីច្បាប់ បទដ្ឋានគតិយុត្តនានា និងស្វែងយល់ពីកិច្ចការពារ ក្នុងការចូលរួមថែរក្សាបេតិកភណ្ឌវប្បធម៌ ដែលជាកេរ តំណែលរបស់ដូនតា។ កិច្ចការពារអភិរក្ស និងថែរក្សាស្លាកស្នាមរចនាសម្ព័ន្ធដែនដីក្រុងបុរាណប្រាសាទ ទំនៀមទម្លាប់ ប្រពៃណី បែបបទ នៃការរស់នៅរបស់ប្រជាជន និងទម្រង់សំណង់ផ្សេងៗ នៅក្នុងតំបន់ការ ពាររមណីយដ្ឋានសំបូរព្រៃគុក គឺជារឿងចាំបាច់បំផុត ដែលត្រូវអនុវត្តច្បាប់ និងតម្រូវឱ្យមានស្មារតីចូលរួម សហការខ្ពស់ពីប្រជាពលរដ្ឋក្នុងតំបន់ ប្រកបដោយការទទួលខុសត្រូវ។
ឧត្តមសេនីយ៍ទោ ស៊ុន វុឌ្ឍី ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ ឱ្យមានការយល់ដឹងខ្ពស់អំពីអត្ថប្រយោជន៍ នៃប្រាង្គប្រាសាទ។ ជាពិសេសកងកម្លាំងនគរបាលការពារបេតិកភណ្ឌ ប្រចាំការនៅរមណីយដ្ឋាន ត្រូវមានទំនួលខុសត្រូវ ពន្យល់ណែនាំដល់អាជីវករ និងប្រជាពលរដ្ឋរស់នៅក្នុងតំបន់ឱ្យយល់ដឹងអំពីច្បាប់ នៃកិច្ចការពារបេតិកភណ្ឌ ដែលត្រូវបានតាក់តែងឡើងដើម្បីថែរក្សានូវគោលដៅទេសចរណ៍ និងទាក់ទាញទេសចរ៕
អត្ថបទ៖ លី សាងស៊ីន






