ហ្គីណេ៖ កងកម្លាំងពិសេសហ្គីណេបានដណ្តើមអំណាច នៅក្នុងរដ្ឋប្រហារមួយកាលពីថ្ងៃអាទិត្យដោយចាប់ខ្លួនប្រធានាធិបតី និងដាក់បម្រាមគោចរគ្មានកាលកំណត់ នៅក្នុងប្រទេសក្រីក្រមួយនេះនៅអាហ្វ្រិកខាងលិច។

មន្ត្រីម្នាក់ស្លៀកឯកសណ្ឋានដែលអមដោយទាហាន ប្រដាប់ដោយអាវុធនៅក្នុងវីដេអូផ្ញើទៅទូរទស្សន៍ AFP បាននិយាយថា យើងបានសម្រេចចិត្ត បន្ទាប់ពីបានចាប់ប្រធានាធិបតីដើម្បីរំលាយរដ្ឋធម្មនុញ្ញ។ មន្ត្រីរូបនេះក៏បាននិយាយផងដែរថា ព្រំដែនគោក និងផ្លូវអាកាសរបស់ហ្គីណេត្រូវបានបិទ ហើយរដ្ឋាភិបាលត្រូវបានរំលាយចោល។ វីដេអូមួយដែលផ្ញើទៅទូរទស្សន៍ AFP មុននេះ ដោយក្រុមបះបោរបានបង្ហាញពីប្រធានាធិបតី Alpha Conde អង្គុយនៅលើសាឡុងដែលអមព័ទ្ធជុំវិញដោយកងទ័ព។ មេដឹកនាំវ័យ ៨៣ឆ្នាំរូបនេះបានបដិសេធមិនឆ្លើយសំណួររបស់ទាហានម្នាក់អំពីថា តើគាត់ត្រូវបានគេធ្វើបាប ឬយ៉ាងណា។

ក្រោយមកកាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលយោធាបានប្រកាសបម្រាមគោចរទូទាំងប្រទេស “ រហូតដល់មានការជូនដំណឹងបន្ថែម” ដោយនិយាយថា ខ្លួននឹងកោះប្រជុំគណៈរដ្ឋមន្ត្រីរបស់លោក Conde នៅម៉ោង ១១ព្រឹកថ្ងៃចន្ទនេះ។ សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា រាល់ការបដិសេធមិនចូលរួមនឹងត្រូវចាត់ទុកថាជាការបះបោរ” ។ សេចក្តីថ្លែងការណ៍បាននិយាយថា ក្រុមអភិបាលរបស់ប្រទេស និងអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្សេងទៀតនឹងត្រូវជំនួសដោយយោធា៕
អត្ថបទ៖ សុខមាន