
វីដេអូពីសារព័ត៌ាមាន Reuters បានបង្ហាញថា នគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករ នៅក្នុងរដ្ឋធានី Abuja របស់ប្រទេសនីហ្សេរីយ៉ា នៅថ្ងៃព្រហស្បតិ៍ (ទី១ ខែសីហា) នេះ ខណៈដែលមនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងការកើនឡើងនូវតម្លៃនៃការរស់នៅ និងបញ្ហាអភិបាលកិច្ច នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្រ្វិកមួយនេះ។
ក្រុមអ្នកតវ៉ាបានធ្វើបាតុកម្មនៅទីក្រុង Abuja រដ្ឋធានីពាណិជ្ជកម្ម Lagos និងទីក្រុងមួយចំនួនទៀត ដើម្បីបង្ហាញពីការមិនពេញចិត្តនឹងកំណែទម្រង់សេដ្ឋកិច្ច ដែលនាំឲ្យមានអតិផរណាកើនឡើង និងបង្កការលំបាកកាន់តែខ្លាំងឡើងៗដល់ប្រជាជនសាមញ្ញនីហ្សេរីយ៉ា។ អាជ្ញាធរបានដាក់ពង្រាយបុគ្គលិកសន្តិសុខប្រដាប់អាវុធ ជាកិច្ចប្រឹងប្រែង ដើម្បីទប់ស្កាត់អំពើហិង្សាដែលអាចកើតមាន។

គួរបញ្ជាក់ថា បន្ទាប់ពីឡើងកាន់តំណែងកាលពីជាងមួយឆ្នាំមុន ប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Tinubu បានដកប្រាក់ឧបត្ថម្ភថ្លៃប្រេងឥន្ធនៈមួយចំនួន ទម្លាក់តម្លៃរូបិយប័ណ្ណណារ៉ា ហើយក្រោយមកបានដំឡើងថ្លៃអគ្គិសនី ជាចំណាត់ការដែលបានធ្វើឲ្យអតិផរណាកើនឡើងលើសពី ៣៤ភាគរយ ដោយបានប៉ះពាល់ដល់ប្រាក់ចំណូល។ លោកបានប្ដេជ្ញាបន្តដំណើរការជាមួយនឹងការកែប្រែនេះ។
អតិផរណាទំនិញប្រើប្រាស់ បានកើនឡើងដល់កម្រិតខ្ពស់ថ្មី ក្នុងរយៈពេល ២៨ឆ្នាំ គឺចំនួន ៣៤,១៩ភាគរយ នៅក្នុងលក្ខខណ្ឌប្រចាំឆ្នាំ ក្នុងខែមិថុនា។ ប្រជាជននីហ្សេរីយ៉ាក៏កំពុងប្រឈមផងដែរនូវអសន្តិសុខរីករាលដាលគ្រប់ទីកន្លែង ដែលបានបំផ្លាញវិស័យកសិកម្ម ខណៈដែលក្រុមអន្ធពាលប្រដាប់អាវុធចាប់ជំរិតអ្នកស្រុក និងកុមារសិស្សសាលា ដើម្បីទារយកប្រាក់ នៅភាគខាងជើងប្រទេស៕
