កំពត ៖ បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃមន្ទីរសុខាភិបាលខេត្តកែប ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាល បានបន្តដំណើរចុះពិនិត្យសេវាសុខាភិបាលសាធារណៈ សួរសុខទុក្ខបុគ្គលិកសុខាភិបាល អ្នកជំងឺ និងក្រុមគ្រួសារ នៅមណ្ឌលសុខភាពត្រពាំងសង្កែ មណ្ឌលសុខភាពកំពង់កណ្តាល និងមនី្ទរពេទ្យបង្អែកខេត្តកំពត ក្នុងខេត្តកំពត នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ។
ក្នុងកំឡុងពេលចុះដល់មូលដ្ឋានសុខាភិបាល ក្រុមការងារប្រតិភូ និងអ្នកជំនាញ បានត្រួតពិនិត្យមើលបច្ចុប្បន្នភាព និងវឌ្ឍនភាពមណ្ឌលសុខភាពត្រពាំងសង្កែ មណ្ឌលសុខភាពកំពង់កណ្តាល និងមនី្ទរពេទ្យបង្អែកខេត្តកំពត ដែលក្នុងនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំជាបន្តបន្ទាប់ ដល់មន្រ្តីទាំងអស់ អោយបង្កើនសមត្ថភាពថែទាំព្យាបាល បង្ហាត់បង្រៀនគ្នា ហៅរកគ្នា និងត្រូវយកចិត្តទុកដាក់បន្ថែមទៀត លើការថែរក្សាទុកដាក់ឱសថ កត់ត្រារក្សាទុកឯកសារអ្នកជំងឺ ការរៀបចំទូដាក់វ៉ាក់សាំងឱ្យបានត្រឹមត្រូវ។
ឯកឧត្តមសាស្រ្តាចារ្យ បានសង្កត់ធ្ងន់លើការបង្កើនសមត្ថភាពភាពជាអ្នកដឹកនាំ សមត្ថភាពចុះត្រួតពិនិត្យការអនុវត្តគោលការណ៍សុវត្ថិភាព គុណភាព ប្រសិទ្ធិភាព និងសមត្ថភាពឆ្លើយតបបានទាន់ពេលនៃសេវាថែទាំព្យាបាលជូនប្រជាពលរដ្ឋ និងត្រូវខិតខំគ្រប់មធ្យោបាយ បង្កើនការផ្សព្វផ្សាយ លើកកម្ពស់សុខភាពប្រជាពលរដ្ឋនៅក្នុងសហគមន៍ តាមរយៈការជំរុញឱ្យប្រជាជនពលរដ្ឋមកទទួលសេវាសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ នៅក្នុងតំបន់ និងគៀកផ្ទះគាត់។ ឯកឧត្តមសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗ ជូនដល់មន្រ្តីសុខាភិបាល សំដៅបន្តពង្រឹងសុវត្ថិភាព-គុណភាព នៃសេវាដែលបម្រើជូនប្រជាពលរដ្ឋ ២៤ម៉ោង លើ ២៤ម៉ោង រៀងរាល់ថ្ងៃ។ លើសពីនេះ គឺត្រូវបង្កើនសមត្ថភាពជំនាញ តាមរយៈការបណ្តុះបណ្តាលបន្ត រួមទាំងសមត្ថភាពភាពជាអ្នកដឹកនាំ និងនវានុវត្តន៍។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ពីទឹកចិត្តដឹងគុណ ចំពោះមន្រ្តីសុខាភិបាលទាំងអស់ និងអាជ្ញាធរមូលដ្ឋាន ដែលខិតខំប្រើគ្រប់មធ្យោបាយ សំដៅបម្រើប្រជាពលរដ្ឋលើតម្រូវការសុខាភិបាល ដោយឈរលើស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ជាបន្តបន្ទាប់៕
អត្ថបទ រដ្ឋា
























