ប្រណាំងរថយន្ត៖ កីឡាករប្រណាំងរថយន្ត F1 សញ្ជាតិហូឡង់ Max Verstappen បានយកឈ្នះការប្រកួត F1 Dutch Grand Prix នៅលើទឹកដីរបស់ខ្លួន ដើម្បីឡើងមកនាំមុខគេវិញក្នុងតារាងពិន្ទុជើងឯកពិភពលោក។

ក្រោមក្រសែភ្នែកអ្នកគាំទ្រជាង ៦៥០០០នាក់នៅទីលាន Zandvoort កីឡាករវ័យ ២៣ឆ្នាំរូបនេះបានយកឈ្នះការប្រកួតយកទីចេញដំណើរ Pole Position កាលពីថ្ងៃសៅរ៍ ខណៈការប្រកួតនៅថ្ងៃអាទិត្យម្សិលមិញ Max Verstappen បាននាំមុខតាំងពីពេលចេញដំណើររហូតដល់ទីព្រ័ត្រ។ កីឡាករជើងឯកពិភពលោក ៧សម័យ Lewis Hamilton បានត្រឹមលេខ២ ដេញមិនទាន់ ខណៈលេខ៣ ក៏ជាកីឡាកររបស់ក្រុម Mercedes ដែរគឺ Valtteri Bottas។
ជ័យជំនះនេះធ្វើឱ្យ Max Verstappen របស់ក្រុម Red Bull ឡើងមកនាំមុខក្នុងតារាងជើងឯកពិភពលោក ៣ពិន្ទុពីលើ Lewis Hamilton ខណៈលេខ៣ Valtteri Bottas មានគំលាតជិត ១០០ពិន្ទុ។ បន្ទាប់ពីការប្រកួតនៅហូឡង់ F1 នឹងបន្តសប្តាហ៍នេះទៀតនៅទីលាន Monza ប្រទេសអ៊ីតាលីដែលជាទឹកដីរបស់ក្រុមប្រណាំង Ferrari៕
អត្ថបទ៖នាង សុភាវុធ