កំពង់ឆ្នាំង៖ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ កម្លាំងខណ្ឌរដ្ឋបាលជលផលដឹកនាំដោយលោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុករលាប្អៀរ និងស្រុកជលគីរី ចុះបង្ក្រាបបទល្មើសរបាំងសាច់អួនវែងៗដែលបានដាក់នៅរដូវបិទនេសាទនេះ ។
លោក លី ឡា បានបន្តថា កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចែកជា២ក្រុម ដើម្បីបង្ក្រាបបទល្មើស២ចំណុចផ្សេងគ្នាក្នុងថ្ងៃតែមួយ ១ក្រុមចុះបង្ក្រាបនៅស្រុកជលគីរី និង១ក្រុមទៀតបង្ក្រាបនៅស្រុកកំពង់លែង ។ ក្រុមទី១ដឹកនាំដោយលោកផ្ទាល់ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែង សហគមន៍នេសាទស្វាយរំពារសែនជ័យ, អន្លង់មេត្រីសែនជ័យ មានកម្លាំង៤៨នាក់ និងមធ្យោបាយបាឡាស្មាច់១១គ្រឿង បានបង្ក្រាបរបាំងសាច់អួននៅចំណុចព្រែកសាយ ឃុំពោធិ៍ និងចំណុចទំនប់ស្រុក ភូមិជើងគ្រួស ឃុំស្វាយរំពារ ស្រុកកំពង់លែង ។ ចំណែកក្រុមទី២ ដឹកនាំដោយលោក អ៊ឹង ជឺប៉ោ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយគណបញ្ជាការឯកភាពស្រុកជលគិរី សហគមន៍នេសាទភូមិថ្មី កោះធំ និងអន្លុងមេត្រី មាន២២នាក់មធ្យោបាយបាឡាស្មាច់០៦គ្រឿង បានបង្ក្រាបរបាំងសាច់អួន និងរបាំងស្បៃមុងនៅចំណុចព្រែកតាសួស វាលស្រងែ កប់ចេះ ឃុំពាមឆ្កោក ស្រុកជលគិរី ។
ជាលទ្ធផលក្នុងការបង្ក្រាបពេញ១ថ្ងៃនេះ កម្លាំងចំរុះបង្ក្រាបបានរបាំងសាច់អួនចំនួន១៧កន្លែង ប្រវែង១៩៨០ម លូសាច់អួនចំនួន៤៥ គ្រឿង បង្គោលចំនួន៨២០ដើម។ របាំងស្បៃមុងចំនួន០៥កន្លែង ប្រវែង៩០ម លូស្បៃមុងចំនួន០៥ គ្រឿង បង្គោលចំនួន១០០ដើម និងចាក់លែងត្រីចំរុះក្នុងដែននេសាទចំនួន២៥គីឡូក្រាម។
ក្រៅពីការបង្ក្រាបបទល្មើសនេសាទ ក្រុមការងារចំរុះបានផ្សព្វផ្សាយច្បាប់ស្តីពីជលផលដល់ប្រជានេសាទផងដែរ ដូចជាការធ្វើនេសាទដោយប្រើរបាំងវែងៗលើសពីច្បាប់កំណត់ នឹងត្រូវកម្លាំងចំរុះបំផ្លាញចោល ហើយត្រូវនាំគ្នាជួយការពារ ថែរក្សាតំបន់ព្រៃលិចទឹក ដើម្បីអោយត្រីសំបូរឡើងវិញ៕ កាំង ហុងវាស្នា





