ប្រធានាធិបតីនៃប្រទេសប្រេស៊ីល ម៉ិកស៊ិក និងកូឡុំប៊ី កាលពីថ្ងៃព្រហស្បតិ៍ (០១ សីហា) បានអំពាវនាវឱ្យប្រទេសវេណេស៊ុយអេឡា បញ្ចេញចំនួនសរុបនៃការបោះឆ្នោត ស្របពេលមានជម្លោះជុំវិញលទ្ធផលបោះឆ្នោតប្រធានាធិបតី ដែលបង្កឱ្យមានការតវ៉ាសម្លាប់មនុស្សជាច្រើននាក់។

ក្រុមប្រឹក្សាបោះឆ្នោតរបស់វេណេស៊ុយអេឡាបានប្រកាសថា លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ដែលកាន់អំណាចតាំងពីឆ្នាំ២០១៣មក ជាអ្នកឈ្នះការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ម្ដងទៀតជាមួយនឹងសំឡេង ៥១ភាគរយ ប៉ុន្តែក្រុមប្រឆាំងរបស់ប្រទេសនេះនិយាយថា ចំនួនសំឡេងឆ្នោតប្រហែល ៩០ភាគរយបង្ហាញថា បេក្ខជនរបស់ខ្លួនគឺលោក អេដម៉ុនដូ ហ្គនហ្សាលេស (Edmundo Gonzalez) ទទួលបានការគាំទ្រច្រើនជាងពីរដងលើលោកប្រធានាធិបតីដែលកំពុងកាន់អំណាចរូបនេះ ស្របតាមការស្ទង់មតិឯករាជ្យដែលបានធ្វើឡើងមុនចេញលទ្ធផល។
គណបក្សប្រឆាំងបានចេញផ្សាយតួលេខសរុបលម្អិតនៅលើគេហទំព័រសាធារណៈមួយ ប៉ុន្តែរហូតមកដល់ពេលនេះរដ្ឋាភិបាលមិនបានចែករំលែកព័ត៌មានណាមួយលើសពីចំនួនសរុបនៃការបោះឆ្នោតជាតិសម្រាប់បេក្ខជននីមួយៗនោះទេ។

ប្រធានាធិបតីបច្ចុប្បន្ននៃប្រទេសប្រេស៊ីល កូឡុំប៊ី និងម៉ិកស៊ិក មានមិត្តភាពល្អជាមួយលោក Maduro ហើយបានប្រកាន់ជំហរអព្យាក្រឹតបន្ថែមទៀតលើការបោះឆ្នោត ខណៈបណ្ដាប្រទេសជុំវិញពិភពលោកអំពាវនាវឱ្យមានការចេញផ្សាយតួលេខពេញលេញ ហើយសហរដ្ឋអាមេរិកបាននិយាយថា លោក Maduro គួរតែទទួលស្គាល់ការឈ្នះរបស់លោក Gonzalez៕
