ដោយសម្អាងលើការមានប្រៀបនៅក្នុងកម្លាំងមនុស្ស និងសព្វាវុធ កងកម្លាំងរុស្ស៊ី បានបន្តវាយរុលឆ្ពោះទៅកាន់ទីក្រុងធំៗ និងផ្លូវផ្គត់ផ្គង់ ដើម្បីសម្រេចគោលដៅក្នុងការគ្រប់គ្រងពេញលេញនៃតំបន់ឧស្សាហកម្ម និងសម្បូររ៉ែ ដុនបាស (Donbas) របស់អ៊ុយក្រែន ដែលជំរុញឱ្យអ្នកស្រុកត្រូវបង្ខំចិត្តរត់ភៀសខ្លួនគេចពីការប្រយុទ្ធ។

ការវាយរុលមួយនាពេលថ្មីៗនេះបានអនុញ្ញាតឱ្យរុស្ស៊ីបើកច្រកដ៏សំខាន់មួយដែលមានចម្ងាយត្រឹមតែ ២០គីឡូម៉ែត្រ (12 ម៉ាយ) ពីទីក្រុង ផូក្រូវស្ក៍ (Pokrovsk) ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់ ហើយជាជម្រកសម្រាប់មនុស្សប្រហែល ៦០.០០០នាក់។ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០១ សីហា) ថាក្រុង Pokrovsk ឥឡូវនេះគឺជាគោលដៅសំខាន់របស់រុស្ស៊ី។

ទីក្រុងមូស្គូ បានអះអាងគ្រប់គ្រងភូមិចំនួនបួននៅភាគខាងកើតនៃទីក្រុង Pokrovsk ក្នុងសប្តាហ៍ចុងក្រោយនេះ ហើយអ៊ុយក្រែនមិនបានធ្វើអត្ថាធិប្បាយលើការអះអាងទាំងនោះទេ។
ទាហានរុស្ស៊ី បានវាយរុលទៅដល់ជាយក្រុង ថូរិតស្ក៍ (Toretsk) ជាទីដែលអភិបាលតំបន់បាននិយាយកាលពីមួយសប្តាហ៍មុនថា មានមនុស្ស ៣.៥០០នាក់នៅតែនៅទីនោះ ពោលគឺមានចំនួនជាង ១០ភាគរយប៉ុណ្ណោះនៃចំនួនប្រជាជនសរុបមុនសង្គ្រាម។ ចាប់តាំងពីពេលនោះមក មនុស្សជាច្រើនទៀតត្រូវបានជម្លៀសដោយអាជ្ញាធរ និងអង្គការមនុស្សធម៌៕
