ការផ្លាស់ប្តូរអ្នកទោសដ៏ធំបំផុតរវាងរុស្ស៊ី និងលោកខាងលិចក្នុងរយៈពេលជាច្រើនទស្សវត្សរ៍មកនេះ អាចជួយប្រធានាធិបតីអាមេរិក លោក Joe Biden ជំរុញដំណែលគោលនយោបាយការបរទេសរបស់លោកក្នុងពេលប៉ុន្មានខែចុងក្រោយដែលកាន់តំណែង និងជំរុញអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ក្នុងកិច្ចប្រឹងប្រែងប្រជែងតំណែងសេតវិមាន។

ប៉ុន្តែតាមទស្សនៈរបស់ទីក្រុងវ៉ាស៊ីនតោន ផលចំណេញនោះបានមកក្នុងតម្លៃតបស្នងដ៏ធំគឺការដោះលែងជនជាតិរុស្ស៊ី ដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ជាថ្នូរនឹងជនជាតិអាមេរិក ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ខណៈអ្នកជំនាញមួយចំនួននិយាយថា ការដោះដូរនេះអាចលើកទឹកចិត្តដល់ការចាប់ចំណាប់ថ្នូរដោយសត្រូវរបស់អាមេរិកបន្ថែមទៀត។ ក្តីបារម្ភនោះបានធ្វើឱ្យលោក Biden រងការវាយប្រហារពីគូប្រជែងបក្សសាធារណរដ្ឋរបស់ខ្លួន។

អ្នកជំនាញនិយាយថា លោក Biden នឹងត្រូវទប់ទល់នឹងការរិះគន់របស់បក្សសាធារណរដ្ឋចំពោះកិច្ចព្រមព្រៀងនេះ ហើយនឹងនៅតែមានការងារជាច្រើនដែលត្រូវធ្វើដើម្បីកែលម្អកំណត់ត្រាគោលនយោបាយការបរទេសរបស់លោកក្នុងសៀវភៅប្រវត្តិសាស្ត្រ។ ទោះបីជាកំណត់ត្រារបស់លោក Biden នៅលើឆាកពិភពលោកទំនងជាត្រូវបានកំណត់យ៉ាងខ្លាំងដោយជម្លោះនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ាក៏ដោយ ការដោះដូរអ្នកទោសពហុប្រទេសដ៏ស្មុគស្មាញជាមួយទីក្រុងមូស្គូ កាលពីថ្ងៃព្រហស្បតិ៍នេះ ក៏ផ្ដល់ការជំរុញមួយផ្នែកដល់គោលនយោបាយការបរទេសអាមេរិក ស្របពេលកំណើនភាពតានតឹងពិភពលោក។

ការឈានដល់កិច្ចព្រមព្រៀងដ៏សំខាន់មួយប្រឆាំងនឹងភាពតានតឹងនៃសង្រ្គាមអ៊ុយក្រែនបែបនេះគឺជារឿងដ៏លំបាក ខណៈអាមេរិកកំពុងបំពាក់អាវុធដល់ទីក្រុងគីវ ប្រឆាំងនឹងរុស្ស៊ី ដោយធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ធ្លាក់ដល់ចំណុចទាបបំផុតចាប់ពីសង្គ្រាមត្រជាក់៕