ក្មេងជំទង់ម្នាក់ បានបង្ហាញខ្លួននៅក្នុងតុលាការ កាលពីថ្ងៃព្រហស្បតិ៍ ដោយត្រូវបានចោទប្រកាន់ពីបទសម្លាប់ក្មេងស្រីបីនាក់ ក្នុងការវាយប្រហារដោយការចាក់សម្លាប់ ខណៈនាយករដ្ឋមន្រ្តី លោក Keir Starmer បានប្រកាស «សមត្ថភាពជាតិ» ថ្មី ដើម្បីដោះស្រាយភាពគ្មានរបៀបរៀបរយ ដែលបានផ្ទុះឡើងបន្ទាប់ពីឧបទ្ទវហេតុសម្លាប់ក្មេងស្រី។

លោកនាយករដ្ឋមន្រ្តី បាននិយាយថា វិធានការថ្មីនេះ នឹងអនុញ្ញាតឱ្យមានការចែករំលែកការស៊ើបការណ៍ ការដាក់ពង្រាយកាន់តែទូលំទូលាយនៃបច្ចេកវិទ្យាសម្គាល់មុខ និងបទបញ្ជាអាកប្បកិរិយាព្រហ្មទណ្ឌ ដើម្បីរឹតបន្តឹងអ្នកបង្កបញ្ហា។ អ្នកប្រព្រឹត្តទាំងនេះដើរចល័ត ពួកគេផ្លាស់ទីពីសហគមន៍មួយទៅសហគមន៍មួយ។ យើងត្រូវតែមានការឆ្លើយតបដោយការការពារ ដែលអាចធ្វើដូចគ្នានេះដែរ។

លោក Starmer បានជួបជាមួយស្នងការនគរបាល មកពីទូទាំងប្រទេស ដើម្បីពិភាក្សាអំពីវិធីបង្ក្រាបអំពើហិង្សា ដែលបានផ្ទុះឡើងជាច្រើនយប់ បន្ទាប់ពីការសម្លាប់ក្មេងស្រី៣នាក់ កាលពីថ្ងៃចន្ទ។
ការតវ៉ាដែលបានដាក់កំហុសទៅលើអ្នកញុះញង់ស្តាំនិយម បានរាលដាលពីទីក្រុងឆ្នេរសមុទ្រ ជាកន្លែងដែលការចាក់សម្លាប់កើតឡើង រហូតដល់ទីក្រុងផ្សេងៗទៀតនៅអង់គ្លេស។
នៅក្នុងកិច្ចប្រជុំបន្ទាន់របស់ស្នងការនគរបាល នៅការិយាល័យ Downing Street លោក Starmer បានរិះគន់ខ្លាំងៗចំពោះអំពើហិង្សានេះ ហើយបានសរសើរនគរបាល និងអង្គភាពសេវាសង្គ្រោះបន្ទាន់ផ្សេងទៀត សម្រាប់វិធីដែលពួកគេ បានដោះស្រាយបញ្ហា។
កិច្ចប្រជុំនេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីក្មេងវ័យជំទង់ Axel Rudakubana អាយុ១៧ឆ្នាំ បានបង្ហាញខ្លួននៅក្នុងតុលាការជាលើកដំបូង ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទមនុស្សឃាត និងប៉ុនប៉ងមនុស្សឃាត ជុំវិញការវាយប្រហារដោយកាំបិត នៅក្នុងពិធីជប់លៀងរាំកម្សាន្តនៅទីក្រុង Southport ភាគពាយព្យប្រទេសអង់គ្លេស។