នៅថ្ងៃនេះគណៈកម្មការអន្តរក្រសួងដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចុះពិនិត្យទីតាំងបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីត្រៀមពិធីអបអរសាទរជាប្រវត្តិសាស្រ្តជាមួយមហាជនប្រមាណ១ម៉ឺននាក់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ហ្វូណនតេជោ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យទីតាំងប្រារព្ធពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដែលមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំក្រសួង-ស្ថាប័នគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរខេត្តកណ្តាល។

ការចុះពិនិត្យនាពេលនេះសង្កេតឃើញមានការរៀបចំតុបតែងចាប់តាំងពីបណ្តោយផ្លូវជាតិលេខ១ ដោយបំពាក់ដងទង់ជាតិ និងផ្ទាំងប៉ាណូដែលគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោ។ ក្រៅពីនោះ នៅទីតាំងពិធីមានការរៀបចំគ្រឿងចក្រជាច្រើន និងប្រទីបយ៉ាងស្រស់បំព្រងរំលេចរូបភាពនៃគម្រោង ដើម្បីជាសោភ័ណភាពបន្ថែមក្នុងថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។

ប្រជាពលរដ្ឋ និងមន្រ្តីរាជការដែលនឹងចូលរួមថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ បានបង្ហាញក្តីសប្បាយរីករាយ និងការទន្ទឹងរង់ចាំគម្រោងដែលជាប្រវត្តិសាស្រ្តដែលជាផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោនឹងត្រូវបើកការដ្ឋាន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ គម្រោងនេះត្រូវបានមជ្ឈដ្ឋានក្នុង និងក្រៅប្រទេសបន្តគាំទ្រយ៉ាងពេញទំហឹង ដើម្បីឱ្យគម្រោងនេះក្លាយជាផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដោយតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា៕ អត្ថបទ៖ សេក ឧត្តម










