ប្រតិបត្តិការស្វែងរកអ្នកនៅរស់រានមានជីវិត និងសាកសព បន្ទាប់ពីបំណាក់ដីដ៏មហន្តរាយដែលសម្លាប់មនុស្សរាប់រយនាក់នៅរដ្ឋ កេរ៉េឡា (Kerala) ប្រទេសឥណ្ឌា ត្រូវបានបង្កើនល្បឿននៅថ្ងៃសុក្រ (០២ សីហា) នេះ បន្ទាប់ពីកងទ័ពបានបញ្ចប់ការសាងសង់ស្ពានដែលនឹងជួយក្នុងការដឹកជញ្ជូនសម្ភារៈធុនធ្ងន់ទៅកាន់តំបន់រងគ្រោះ ខណៈក្ដីសង្ឃឹមក្នុងការរកឃើញអ្នកនៅរស់មានតិចតួចបំផុត។

ភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋឆ្នេរសមុទ្រភាគខាងត្បូង Kerala ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ឥណ្ឌា បានបណ្តាលឱ្យមានបំណាក់ដីនៅតាមតំបន់ភ្នំ វ៉ាយ៉ាណាត (Wayanad) កាលពីព្រឹកព្រលឹមថ្ងៃអង្គារ (៣០ កក្កដា) សប្ដាហ៍នេះ ដោយបានធ្វើឱ្យល្បប់ភក់ ទឹក និងផ្ទាំងថ្មបាក់ធ្លាក់ចុះពីចំណោត និងកប់ ឬបោកបក់លើមនុស្សអ្នកស្រុកដែលកំពុងសម្រាន្តលង់លក់។

ក្រុមជួយសង្គ្រោះ បានដាក់ពង្រាយកម្លាំងបន្ថែម រួមទាំងអ្នកជំនាញហែលទឹកផងដែរ ដើម្បីផ្តោតលើទន្លេ ចាលីយ៉ា (Chaliyar) និងច្រាំងទន្លេនោះ ជាទីដែលសាកសពទំនងជាត្រូវបានរកឃើញ។ ក្តីសង្ឃឹមក្នុងការស្វែងរកអ្នកនៅរស់មានតិចតួចណាស់ ហើយអាជ្ញាធរនិយាយថាពួកគេទំនងជាអាចយកបានតែសាកសពប៉ុណ្ណោះ តែទោះជាយ៉ាងណា ការស្វែងរកអ្នកនៅរស់នៅតែបន្ត។

ក្រុមអ្នកជំនាញបាននិយាយថា តំបន់នេះបានទទួលភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ដែលបានធ្វើឱ្យដីមានស្ថានភាពទន់រួចទៅហើយ មុនពេលមានភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃទី២៩ ខែកក្កដា ដែលបង្កឱ្យមានបំណាក់ដីដ៏មហន្តរាយនេះ៕