មន្ត្រីសហគមន៍បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១១នាក់បានស្លាប់នៅថ្ងៃសុក្រ (០២ សីហា) នេះនៅក្នុងអគ្គិភ័យនៅអគារលំនៅដ្ឋាន និងពាណិជ្ជកម្មកម្ពស់ ៥ជាន់នៅក្នុងបរិវេណតំបន់ ឆាយណាថោន (Chinatown) នៃរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។

មន្ត្រីពន្លត់អគ្គិភ័យបាននិយាយថា ភ្លើងនៅក្នុងតំបន់ ប៊ីនុនដូ (Binondo) របស់ទីក្រុងម៉ានីល ត្រូវបានគេពន្លត់ប្រហែល ៣ម៉ោងបន្ទាប់ពីក្រុមពន្លត់អគ្គិភ័យទទួលបានដំណឹងនៅម៉ោងប្រហែល ៧:៣០ព្រឹក (ម៉ោងក្នុងស្រុក) ប៉ុន្តែមិនមានការបញ្ជាក់ពីមូលហេតុភ្លាមៗនោះទេ។

លោក នែលសុន ធី (Nelson Ty) មន្ត្រីសហគមន៍ដែលអគ្គិភ័យបានឆាបឆេះនោះបានប្រាប់ស្ថានីយវិទ្យុ DZRH ថា «ភរិយារបស់ម្ចាស់អគារគឺស្ថិតក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិត» ដោយបន្ថែមថា ក្រុមអាជីវករបានប្រើប្រាស់រចនាសម្ព័ន្ធនេះដើម្បីទុកទំនិញរបស់ពួកគេនៅពេលយប់។
លោកបាននិយាយថា ភ្លាមៗនោះគេមិនទាន់ច្បាស់ទេថាតើមានមនុស្សប៉ុន្មាននាក់បន្តជាប់ខ្លួន ឬអាចនឹងត្រូវបានស្លាប់នោះឡើយ។ អគ្គិភ័យតែងកើតមានជាញឹកញាប់នៅក្នុងប្រទេសនេះ ដោយសារហ្វីលីពីន មានកំណត់ត្រាមិនច្បាស់លាស់ក្នុងការពង្រឹងសុវត្ថិភាពអគ្គិភ័យនៅក្នុងអគារ លំនៅឋាន និងការិយាល័យជាដើម៕