គេហទំព័រព័ត៌មាន វៀតណាមអ៊ិចស្ព្រេស (VnExpress) បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (០១ សីហា) ដោយដកស្រង់សម្តីអាជ្ញាធរមូលដ្ឋានថា ភាគខាងជើងប្រទេសវៀតណាម បានត្រៀមខ្លួនសម្រាប់ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតដែលបានបង្កការជន់លិច និងបំណាក់ដី ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣នាក់បានស្លាប់នៅក្នុងរដ្ឋធានីហាណូយ។

សារព័ត៌មាន ថាញ់ត្រាវៀតណាម (ThanhtraVietNam) បានរាយការណ៍នៅលើគេហទំព័ររបស់ខ្លួនថា មនុស្ស ៧នាក់ផ្សេងទៀតបានស្លាប់នៅក្នុងខេត្តភាគខាងជើងផ្សេងទៀត ដោយសារទឹកជំនន់ និងបំណាក់ដីកាលពីដើមសប្តាហ៍នេះ។
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលព្យាករណ៍ជាតិបានឱ្យដឹងថា តំបន់នេះប្រឈមនឹងគ្រោះទឹកជំនន់ និងបំណាក់ដីបន្ថែមទៀត ជាមួយនឹងការព្យាករថាមានភ្លៀងធ្លាក់ខ្លាំងសម្រាប់ភាគខាងជើងប្រទេសវៀតណាម ប៉ន្តែអាចបន្ធូរបន្ថយបន្តិចនៅយប់ថ្ងៃសុក្រ (០២ សីហា) នេះ។

មួយសប្តាហ៍បន្ទាប់ពីព្យុះត្រូពិច ប្រាភីរូន (Prapiroon) បានវាយលុកក្នុងតំបន់នោះ ផ្នែកខ្លះនៃរដ្ឋធានីវៀតណាមនៅតែជន់លិច។ សារព័ត៌មាន VnExpress បានរាយការណ៍ថា កម្រិតទឹកកើនឡើងបានបំផ្លាញទំនប់ជុំវិញទីក្រុងហាណូយ ដែលបង្កឱ្យមានបំណាក់ដីជាច្រើន។
ទូរទស្សន៍វៀតណាមបានរាយការណ៍នៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃពុធថា អាជ្ញាធរក្រុងហាណូយបានបញ្ជាឱ្យជម្លៀសអ្នកស្រុករាប់ពាន់នាក់នៅតាមផ្នែកខ្លះនៃទីក្រុងនេះ ខណៈអ្នកស្រុកដែលនៅតំបន់រងផលប៉ះពាល់ជាច្រើនពឹងផ្អែកលើទូកតូចៗដើម្បីធ្វើដំណើរ៕