ស៊ីហ្គេម៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានជូនដល់សហព័ន្ធកីឡាជាតិ និងអ្នកពាក់ព័ន្ធ ក្រោយយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមជម្រើសជាតិថ្នាលអាយុពី ១២ឆ្នាំដល់ ១៧ឆ្នាំកាលពីថ្មីៗ ត្រូវរៀបចំឯកសារពាក់ព័ន្ធបញ្ជូនទៅលេខាធិការដ្ឋាន CAMSOC ដើម្បីបានរៀបចំធ្វើបណ្ណចាក់វ៉ាក់សាំងជូនដល់កីឡាករ-កីឡាការិនី។

យោងតាមការបញ្ជាក់របស់មន្ដ្រីគណៈកម្មាធិការជាតិ CAMSOC បានឲ្យដឹងថា កីឡាករ-កីឡាការិនីអាយុពី ១២-១៧ឆ្នាំ និងអ្នកពាក់ព័ន្ធ ក្រោយចាក់ដូសទី១ និងដូសទី២ រួចរាល់កាលពីថ្មីៗ ត្រូវបញ្ជូនច្បាប់ចម្លងបណ្ណចាក់វ៉ាក់សាំងចំនួន ២សន្លឹក និងរូប ៤x៦ មួយសន្លឹកទៅលេខាធិការដ្ឋាន CAMSOC ដើម្បីក្រុមការងាររៀបចំធ្វើបណ្ណចាក់វ៉ាក់សាំងជូន។ ប៉ុន្ដែក្នុងករណីមិនទាន់ទទួលបានបណ្ណ ឬខុសព័ត៌មានណាមួយត្រូវទំនាក់ទំនងទៅលេខាធិការដ្ឋាន CAMSOC ខណៈកាលបរិច្ឆេទនឹងត្រូវផុតកំណត់នៅថ្ងៃទី០៧ ខែកញ្ញានេះ។
គួរដឹងថា ក្រោយទទួលបានភ្លើងខៀវពីរាជរដ្ឋាភិបាល ក្នុងការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋអាយុពី ១២-១៧ឆ្នាំ គណៈកម្មាធិការជាតិ CAMSOC បានសហការជាមួយក្រុមការងារវ៉ាក់សាំងនៃក្រសួងការពារជាតិ រៀបចំយុទ្ធនាការចាក់វ៉ាក់សាំងដល់ក្រុមជម្រើសជាតិថ្នាលអាយុពី ១២-១៧ឆ្នាំដែលទើបបញ្ចប់ការចាក់ដូសទី២ កាលពីចុងខែសីហាកន្លងទៅ ដើម្បីបង្កើនភាពស៊ាំ និងបង្ការជំងឺកូវីដ-១៩ ពិសេសផ្ដល់ភាពងាយស្រួលក្នុងការត្រៀមប្រមូលផ្ដុំហ្វឹកហាត់ក្នុងស្រុក និងក្រៅស្រុកដើម្បីសម្រួចសមត្ថភាព ត្រៀមការប្រកួតស៊ីហ្គេមនាពេលខាងមុខ៕
អត្ថបទ៖ លី ឈុនឡា