អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជាងពាក់កណ្តាលនៃចំនួនប្រជាជនស៊ូដង់ បច្ចុប្បន្ននេះប្រឈមទៅនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ។

លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ជាងពាក់កណ្តាលនៃចំនួនប្រជាជន មានមនុស្ស២៦លាននាក់នៅក្នុងប្រទេសស៊ូដង់ ពេលនេះប្រឈមទៅនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ រួមទាំងប្រជាជន ៧៥៥.០០០នាក់ កំពុងប្រឈមមុខនឹងស្ថានភាពមហន្តរាយដោយមានអ្នកស្លាប់ទាក់ទងនឹងភាពអត់ឃ្លាន ក៏ត្រូវបានកត់ត្រាផងដែរ។
លោក Dujarric បាននិយាយថា យោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការបែងចែកដំណាក់កាលសន្តិសុខស្បៀងរួមគ្នា(IPC) បានឲ្យដឹងថា ស្ថានភាពនៃភាពអត់ឃ្លានដ៏មហន្តរាយ ត្រូវបានព្យាករណ៍លើកដំបូងនៅក្នុងប្រវត្តិសាស្ត្រនៃការស្ទង់មតិរបស់អង្គការ IPC នៅក្នុងប្រទេសស៊ូដង់។
លោកបាននិយាយថាតំបន់ចំនួន១៤នៅក្នុងប្រទេស ត្រូវបានប្រកាសថា «ប្រឈមមុខទៅនឹងគ្រោះទុរ្ភិក្ស» នៅក្នុងប៉ុន្មានខែខាងមុខនេះ។
អ្នកនាំពាក្យដដែលបាននិយាយថា នេះ «គ្រាន់តែផ្ដល់បរិបទមួយចំនួនដល់អ្នក ខណៈម្នាក់ក្នុងចំណោមប្រជាជនស៊ូដង់ពីរនាក់ តស៊ូដើម្បីទទួលបានអាហារគ្រប់គ្រាន់ដាក់នៅលើចានរបស់ពួកគេជារៀងរាល់ថ្ងៃ។

កម្មវិធីស្បៀងអាហារពិភពលោក (WFP) កំពុងបង្កើនការឆ្លើយតបបន្ទាន់របស់ខ្លួន ដើម្បីជួយសង្គ្រោះជីវិតមនុស្សកាន់តែច្រើនឡើងនៅក្នុងប្រទេស ដោយបង្កើនចំនួនជំនួយ និងកំណត់វិធីប្រកបដោយភាពច្នៃប្រឌិត និងមានប្រសិទ្ធភាព ក្នុងការផ្តល់ជំនួយបន្ទាន់ដល់មនុស្សរាប់លាននាក់នៅទូទាំងប្រទេសស៊ូដង់ និងជាពិសេសនៅក្នុងតំបន់ដែលពិបាកទៅដល់។
លោកបាននិយាយថា កម្មវិធីស្បៀងអាហារពិភពលោក ព្រមានថា យើងកំពុងធ្វើការឥតឈប់ឈរដើម្បីបញ្ឈប់គ្រោះទុរ្ភិក្ស ដោយលើកឡើងពីតម្រូវការបន្ទាន់សម្រាប់ការកើនឡើងនៃមូលនិធិយ៉ាងច្រើន ដើម្បីបង្កើនជំនួយ ក្នុងទំហំដែលត្រូវការក្នុងការបញ្ចៀសគ្រោះទុរភិក្ស។