ប្រធានសភាលីបង់លោក Nabih Berri បាននិយាយនៅឯកិច្ចប្រជុំ នៅទីក្រុងបេរូត ជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy និងរដ្ឋមន្ត្រីការពារជាតិ លោក John Healey។

លោក Berri បានថ្លែងថា៖«ប្រទេសលីបង់ បាននិយាយនៅដើមដំបូងថា ខ្លួនមិនចង់បានសង្រ្គាមទេ ប៉ុន្តែខ្លួនបានចាត់វិធានការ ដើម្បីបញ្ចប់ការកើនឡើងភាពតានតឹងផ្នែកយោធា នេះបើយោងតាមការលើកឡើងរបស់ប្រព័ន្ធផ្សព្វផ្សាយ Elnashra។ លោកបានបន្ថែមថា៖«ទោះជាយ៉ាងណា ប្រសិនបើការឈ្លានពានកើតឡើង យើងនឹងការពារខ្លួនដោយប្រើគ្រប់មធ្យោបាយស្របច្បាប់»។

យោងតាមប្រធានសភា មធ្យោបាយតែមួយគត់ ដើម្បីស្ដារឡើងវិញនូវភាពស្ងប់ស្ងាត់ នៅព្រំដែនភាគខាងត្បូង គឺការអនុវត្តសេចក្តីសម្រេចលេខ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានជួយបញ្ឈប់ជម្លោះឆ្នាំ ២០០៦។ លោក Berri បានសង្កត់ធ្ងន់ថា៖«យើងជឿថា វាអាចទៅរួចក្នុងការត្រឡប់ទៅអនុវត្តសេចក្តីសម្រេចនេះ បន្ទាប់ពីការឈ្លានពាននៅតំបន់ហ្កាហ្សាស្ទ្រីប ត្រូវបានបញ្ចប់ ហើយកិច្ចព្រមព្រៀងបទឈប់បាញ់ ត្រូវបានធ្វើឡើង»។
ការិយាល័យរបស់ប្រធានសភាលីបង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិកនៃគណៈប្រតិភូរដ្ឋមន្ត្រីអង់គ្លេស បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនៃភាពតានតឹងនាពេលថ្មីៗនេះ ដោយចង្អុលបង្ហាញថា«ការប៉ាន់ស្មានខុស អាចពង្រីកសង្រ្គាមនៅក្នុងតំបន់»។ លោក David Lammy បានបញ្ជាក់ថា ចក្រភពអង់គ្លេស ចាប់អារម្មណ៍ក្នុងការឈានដល់បទឈប់បាញ់សម្រាប់តំបន់ហ្កាហ្សា និងលីបង់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។