លោក Vipin Narang ឧបការីការពារជាតិស្តីទីរបស់សហរដ្ឋអាមេរិកទទួលបន្ទុកគោលនយោបាយអវកាស លោក Vipin Narang បាននិយាយថា សហរដ្ឋអាមេរិក អាចនឹងបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរដែលដាក់ពង្រាយរបស់ខ្លួន ប៉ុន្តែបញ្ហានេះ គឺប្រធានាធិបតី ជាអ្នកសម្រេច។

យោងតាមមន្ត្រីអាមេរិករូបនេះ អវត្តមាននៃការផ្លាស់ប្តូរអាវុធនុយក្លេអ៊ែររបស់ប្រទេសចិន កូរ៉េខាងជើង និងរុស្ស៊ី «យើងអាចឈានដល់ចំណុចមួយ ដែលការផ្លាស់ប្តូរទំហំ ឬទីតាំងឈរជើងរបស់កងកម្លាំងដែលដាក់ពង្រាយបច្ចុប្បន្នរបស់យើង គឺជាការចាំបាច់»។
លោក បាននិយាយនៅឯមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិថា៖«វាមិនចាំបាច់ក្នុងការបង្កើនទំហំស្តុកនៅឡើយទេ ប៉ុន្តែការកែតម្រូវទៅលើចំនួននៃសមត្ថភាពដែលបានដាក់ពង្រាយ អាចជាការចាំបាច់ ប្រសិនបើសត្រូវរបស់យើង បន្តដើរតាមផ្លូវបច្ចុប្បន្នរបស់ពួកគេនោះ»។
លោក Narang បានបន្ថែមថា៖«មានតែប្រធានាធិបតីទេដែលអាចធ្វើការសម្រេចចិត្តនោះបាន» ហើយការផ្លាស់ប្តូរនេះ នឹងមានន័យថា «គាត់បានសន្និដ្ឋានថា ការផ្លាស់ប្តូរបែបនេះ គឺចាំបាច់ ដើម្បីរារាំងសត្រូវ ការពារសហរដ្ឋអាមេរិក និងបំពេញកាតព្វកិច្ចរបស់យើងចំពោះសម្ព័ន្ធមិត្ត និងដៃគូរបស់យើង»។