នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំសន្និសីទសារព័ត៌មាន មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ ក្រោមប្រធានបទ "ភាពយន្តខ្នាតខ្លី ជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង" ដែលគ្រោងនឹងរៀបចំនាសប្តាហ៍ទី៤ នាខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះថា តាមរយៈនៃមហោស្រពជាតិភាពយន្តខ្នាតខ្លីនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ និងចាំបាច់ក្នុងការជំរុញលើកទឹកចិត្ត ដល់យុវជនដើម្បីបញ្ចេញគំនិតច្នៃប្រឌិត ចែករំលែកនូវព័ត៌មានដែលពួកគេមានតាមរយៈ អេក្រង់ ឬផ្ទាំងសំពត់ស និងជាជំហានដំបូងក្នុងការនាំពួកឲ្យក្លាយជាផលិតករភាពយន្ត។

ដើម្បីប្រកួតប្រជែងវាស់ស្ទង់កម្រិតសមត្ថភាពរបស់យុវផលិតករវ័យក្មេងព្រមទាំងចែករំលែកបទពិសោធន៍ថ្មីៗក្នុងគោលបំណងពង្រឹង និងលើកកម្ពស់ធនធានមនុស្ស រួមចំណែកអភិវឌ្ឍន៍ឧស្សាហកម្មភាពយន្តកម្ពុជា ឲ្យកាន់តែប្រសើរឡើង និងដើម្បីបង្កើននូវបរិយាកាសដ៏សំបូរបែប នៃព្រឹតិ្តការណ៍វប្បធម៌ និងបង្កើននូវផលិតផលវប្បធម៌ថ្មីៗ ដែលមិនត្រឹមតែជួយអភិវឌ្ឍន៍វិស័យភាពយន្តប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី កិត្យានុភាព និងអត្តសញ្ញាណជាតិ នៅលើឆាកអន្តរជាតិផងដែរ។

ចំណែក ទូតសុច្ឆន្ទៈ ចំនួន០២រូប របស់មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា ឆ្នាំ២០២៤នេះ គឺកញ្ញា ស៊ិន យូប៊ីន និងលោក ខាត់ វៃហាំង បានថ្លែងអំណរគុណដល់នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានផ្តល់តួនាទីយ៉ាងសំខាន់ដល់រូបគាត់ទាំងពីរ ក្នុងការដើរតួនាទីជាទូតសុច្ឆនៈក្នុងការផ្សព្វផ្សាយ និងរួមចំណែកក្នុងដំណើរការនៃកម្មវិធីមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤។ ជាការឆ្លើយតប គ្មានអ្វីក្រៅពីការខិតខំឲ្យអស់ពីសមត្ថភាពក្នុងការចូលរួមចំណែក ដើម្បីឲ្យមហោស្រពភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤នេះ ដំណើរការយ៉ាងរលូន។

នាឱកាសនោះឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ២០១៦ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតធនធានមនុស្សថ្មីៗ ប្រកបដោយសមត្ថភាពទេពកោសល្យក្នុងវិស័យភាពយន្ត សម្រាប់ពេលបច្ចុប្បន្ន និងអនាគត។ យុវជនទាំងអស់ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតស្នាដៃភាពយន្តថ្មីៗ ប្រកបដោយគំនិតច្នៃប្រឌិត ព្រមទាំងបានបង្គប់នូវអត្ថន័យខ្លឹមសារអប់រំ សីលធម៌ គុណធម៌ និងអត្តសញ្ញាណជាតិ ដែលសកម្មភាពទាំងនេះ មិនត្រឹមតែបានជួយអភិវឌ្ឍន៍ឧស្សាហកម្មភាពយន្តកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា ការពារវប្បធម៌ ប្រពៃណីទំនៀមទំលាប់របស់ជាតិយើង៕ អត្ថបទ រដ្ឋា



