បាល់ទាត់៖ ការប្រកួតរវាងម្ចាស់ផ្ទះប្រេស៊ីល និងអាហ្សង់ទីនវគ្គជំរុះ World Cup ២០២២ ត្រូវបានផ្អាកក្រោយលេងបានត្រឹម ៥នាទីប៉ុណ្ណោះ បន្ទាប់ពីអាជ្ញាធរសុខាភិបាលប្រេស៊ីលឱ្យដំណឹងថា កីឡាករអាហ្សង់ទីន ៣រូបបំពានវិធានការសុខាភិបាលរបស់ប្រេស៊ីល។

ក្រុមភ្ញៀវអាហ្សង់ទីនបានដើរចេញពីទីលានកីឡដ្ឋាន Corinthian Arena ក្រោយការប្រកួតត្រូវបានផ្អាក។ រឿងដ៏ចម្រូងចម្រាសនេះកើតឡើង នៅពេលអាជ្ញាធរសុខភិបាលប្រេស៊ីលថា កីឡាករអាហ្សង់ទីន ៤នាក់ដែលមកពីចក្រភពអង់គ្លេសត្រូវធ្វើចត្តាឡីស័កជាកំហិត។ មិនមានការបញ្ចេញឈ្មោះកីឡាករអាហ្សង់ទីនទាំង ៤រូបនោះទេតែច្បាស់ណាស់ថា ជាកីឡាករ Emiliano Buendia និង Emiliano Martinez ដែលមកពី Aston Villa, Giovanni lo Celso និង Cristian Romero មកពី Tottenham Hotspur។
Martinez, Lo Celso និង Romero គឺជាជំរើសដំបូងក្នុងការប្រកួតទល់នឹងប្រេស៊ីលនេះ។ មិនមានការបញ្ជាក់ពីកាលបរិច្ឆេទប្រកួតឡើងវិញរវាងក្រុមទាំងពីរឡើយ ខណៈអាហ្សង់ទីនក៏បានចាកចេញ ដើម្បីត្រៀមលក្ខណៈសម្រាប់ការប្រកួតជំរុះបន្ទាប់របស់ខ្លួនដែរ ដោយនឹងត្រូវជួបជាមួយបូលីវៀនៅថ្ងៃសុក្រ ទី១០ ខែកញ្ញានេះ៕
អត្ថបទ៖នាង សុភាវុធ