ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺរដូហ្កាន់( Recep Tayyip Erdogan) កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសកាន់ទុក្ខជាទូទាំងប្រទេមួយថ្ងៃ គឺនៅថ្ងៃសុក្រនេះ ជុំវិញការសម្លាប់ប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយេ (Ismail Haniyeh)។

លោក អឺរដូហ្កាន់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«ការកាន់ទុក្ខជាតិមួយថ្ងៃ ត្រូវបានប្រកាសនៅថ្ងៃសុក្រ (ទី២ ខែសីហា) ដើម្បីបង្ហាញពីការគាំទ្ររបស់យើងចំពោះបុព្វហេតុប៉ាឡេស្ទីន និងសាមគ្គីភាពជាមួយបងប្អូនប៉ាឡេស្ទីនរបស់យើង ដោយសារតែការធ្វើឃាតប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយេ។
លោកបានបន្ថែមថា៖ ខ្ញុំចងចាំលោក អ៊ីស្មេល ហានីយេ និងជនរងគ្រោះបុគ្គលប៉ាឡេស្ទីនទាំងអស់ ដោយក្តីមេត្តា ហើយក្នុងនាមខ្លួនខ្ញុំ និងប្រជាជាតិរបស់ខ្ញុំ ខ្ញុំសូមចូលរួមរំលែកទុក្ខដល់ប្រជាជនប៉ាឡេស្ទីន»។
លោក ហានីយេ ត្រូវបានសម្លាប់កាលពីព្រឹកថ្ងៃពុធ នៅក្នុងការវាយប្រហារមួយទៅលើគេហដ្ឋានរបស់លោក ក្នុងរដ្ឋធានីតេអេរ៉ង់របស់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីបានចូលរួមពិធីស្បថចូលកាន់តំណែងរបស់ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃអង្គារ។