អាជ្ញាធរនីហ្សេរីយ៉ា បានចោទប្រកាន់ការលួចប្លន់ទ្រង់ទ្រាយធំ និងការបំផ្លិចបំផ្លាញអគារសាធារណៈ និងឯកជន និងការបិទផ្លូវហាយវេ ខណៈដែលក្រុមបាតុកររាប់ពាន់នាក់ បានចេញមកតវ៉ានៅទូទាំងប្រទេស ដើម្បីសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការលំបាកផ្នែកសេដ្ឋកិច្ចនា ពេលបច្ចុប្បន្ន។

ភ្នក់ភ្លើងជាច្រើន ត្រូវបានគេមើលឃើញថា បានបង្កើតឡើងដោយក្រុមបាតុករ នៅផ្នែកផ្សេងៗនៃប្រទេសនៅថ្ងៃដំបូងនៃការធ្វើបាតុកម្មរយៈពេល ១០ថ្ងៃ ដែលបានគ្រោងទុក ដោយមានបំណងអំពាវនាវដោយសន្តិវិធី ដល់រដ្ឋាភិបាលឲ្យដោះស្រាយវិបត្តិសេដ្ឋកិច្ច ស្របពេលមានវិបត្តិដ៏ធ្ងន់ធ្ងរនៃចំណាយលើការរស់នៅ នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុត នៅអាហ្វ្រិកនេះ។

បាតុកម្ម បានក្លាយជាហិង្សានៅក្នុងទីក្រុងធំៗមួយចំនួន រួមមានទីក្រុង Abuja, Kano, Kaduna និង Gombe ដែលជំរុញឲ្យនគរបាលបង្កើនសន្តិសុខ។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ អគ្គស្នងការនគរបាល លោក Kayode Egbetokun បានចេញ«ការព្រមានអំពីគ្រោះថ្នាក់»ចំពោះការបំផ្លាញអាជីវកម្មឯកជនជាច្រើន ដល់ស្នងការដ្ឋាននគរបាល និងអង្គភាពទាំងអស់ នៅទូទាំងប្រទេស។