
លោក Hassan Ghayyad ម្ចាស់ហាងសម្លៀកបំពាក់ក្មេង នៅទីក្រុង Marjeyoun ភាគខាងត្បូងប្រទេសលីបង់ បានសង្កេតឃើញមានការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនអតិថិជននៅហាងរបស់លោក នាពេលថ្មីៗនេះ។
លោក Ghayyad បានប្រាប់សារព័ត៌មាន Xinhua ថា៖«នេះ គឺជាលើកដំបូង ចាប់តាំងពីថ្ងៃទី ៨ ខែតុលា (ឆ្នាំមុន) អ្នករស់នៅក្នុងតំបន់នេះ បានបញ្ឈប់ការទិញរបស់ពួកគេទាំងស្រុង ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ» ។
ម្ចាស់ហាងនេះ បានសន្មតថា ការធ្លាក់ចុះនេះ ដោយសារភាពតានតឹងរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល កាន់តែកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ អ៊ីស្រាអែល បានគំរាមបើកប្រតិបត្តិការយោធាមួយដែលនឹងធ្វើឲ្យក្រុមហេសបូឡា ទទួលរងផលវិបាកដ៏ធ្ងន់ធ្ងរ បន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ុក្កែត នៅ តំបន់ខ្ពង់រាប Golan Heights បានបណ្តាលឲ្យយុវជន ១២នាក់ ស្លាប់ និងរបួសជាច្រើននាក់ទៀត។

ក្រុមហេសបូឡា បាននិយាយថា ខ្លួនមិនមានអ្វីពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះទេ ហើយបានច្រានចោលការចោទប្រកាន់នេះថា ជារឿងមិនពិត ខណៈពេលដែលទទូចឲ្យឆ្លើយតបដោយគ្មានការកំណត់ចំពោះការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងលីបង់ និងការតស៊ូរបស់ខ្លួន។
ព្រឹត្តិការណ៍ដែលកើតឡើងជាបន្តបន្ទាប់ កំពុងបង្កបរិយាកាសដ៏តានតឹងជុំវិញតំបន់ភាគខាងត្បូងនៃប្រទេសលីបង់។