យោងតាមការពិនិត្យរបស់រដ្ឋាភិបាលអូស្រ្តាលីលើឧបទ្ទេវហេតុដែលបានបញ្ចេញនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល សម្លាប់កម្មករជំនួយអន្តរជាតិនៅតំបន់ហ្កាហ្សា កាលពីខែមេសាកន្លងទៅ គឺដោយសារកំហុសឆ្គង់ប្រតិបត្តិការធ្ងន់ធ្ងរ ប៉ុន្តែពួកគេគ្មានបំណងវាយប្រហារដោយចេតនានោះទេ ។
គួរឲ្យដឹងថា ការវាយប្រហារតាមច្រកអាកាស ៣លើករបស់អ៊ីស្រាអែល លើក្បួនរថយន្តដឹកជំនួយធ្វើដំណើរឆ្លងកាត់តំបន់ហ្កាហ្សា កាលពីថ្ងៃទី ១ ខែមេសា បានសម្លាប់បុគ្គលិកក្រុមចង្រ្កានបាយកណ្តាលពិភពលោកចំនួន ៧នាក់ ។ អ្នកស្លាប់ រួមទាំងជនជាតិអូស្រ្តាលីម្នាក់ ជនប៉ាឡេស្ទីន និងពលរដ្ឋមកពីអង់គ្លេស និងប៉ូឡូញ ។

ការសម្លាប់នេះដែរ នាំឲ្យមានការថ្កោលទោសជាសកលពីសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល និងការចោទប្រកាន់ថា អ៊ីស្រាអែល មានចេតនាវាយប្រហារក្រុមកម្មករជំនួយ គឺជាអំណះអំណាងមួយ ត្រូវបានពួកគេ ច្រានចោលទាំងស្រុង ។
ក្រោយការពិនិត្យលើឧបទ្ទេវហេតុនេះ អូស្ត្រាលី បានវាយតម្លៃថា កងកម្លាំងការពារអ៊ីស្រាអែល បានសម្រេចចិត្តវាយប្រហារដោយមីស៊ីលលើក្បួនរថយន្ត ក្រោយពួកគេគិតខុសថា វាត្រូវបានប្លន់យកទៅដោយក្រុមយុទ្ធជនហាម៉ាស់ ដែលការពិតគឺជាឆ្មាំសន្តិសុខជាប់កិច្ចសន្យាក្នុងស្រុកតែប៉ុណ្ណោះ ៕
