ហ្គីណេ៖ មានការអបអរសាទរនៅតាមដងផ្លូវនៃទីក្រុង Conakry កាលពីថ្ងៃអាទិត្យ បន្ទាប់ពីជនជាតិហ្គីណេមួយចំនួនបានដើរតាមផ្លូវ ដើម្បីអបអរសាទរដល់ទាហានដែលបានឃុំខ្លួនប្រធានាធិបតី Alpha Conde បន្ទាប់ពីការផ្ទុះអាវុធយ៉ាងកក្រើកជាច្រើនម៉ោង។

បន្ទាប់មកទាហានបះបោរនៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ បានប្រកាសនៅលើកញ្ចក់ទូរទស្សន៍រដ្ឋថា រដ្ឋាភិបាលត្រូវបានរំលាយនៅក្នុងរដ្ឋប្រហារ។ ព្រំដែនរបស់ប្រទេសនេះត្រូវបានបិទ ហើយរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះត្រូវបានប្រកាសថា អស់សុពលភាពនៅក្នុងសេចក្តីប្រកាសដែលបានអានលឺៗ នៅលើកញ្ចក់ទូរទស្សន៍រដ្ឋដោយវរសេនីយ៍ឯក Mamadi Doumbouya ដែលបានប្រាប់ប្រជាពលរដ្ឋហ្គីណេថា កាតព្វកិច្ចរបស់ទាហានគឺដើម្បីជួយសង្គ្រោះប្រទេស។ ប្លុកតំបន់អាហ្វ្រិកខាងលិចដែលត្រូវបានគេស្គាល់ថា ECOWAS បានថ្កោលទោសភ្លាមៗចំពោះស្ថានភាពនេះ ដោយគំរាមដាក់ទណ្ឌកម្មប្រសិនបើមិនដោះលែងលោក Conde ភ្លាមៗ នោះទេ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសរសេរលើបណ្តាញសង្គម Twitter ថា លោកថ្កោលទោសយ៉ាងខ្លាំង “រាល់ការដណ្ដើមកាន់កាប់រដ្ឋាភិបាលដោយកម្លាំងនៃអាវុធ។ វាគឺជាការដើរថយក្រោយសម្រាប់ហ្គីណេ ដែលមនុស្សជាច្រើនសង្ឃឹមថា ប្រទេសនេះបានគេចផុតពីការគ្រប់គ្រងដោយអំណាចយោធា៕
អត្ថបទ៖ សុខមាន