
លោក Donald Trump បានបន្តលើកឡើងនូវសំណួរមិនពិត និងក្នុងន័យអុជអាល អំពីអត្តសញ្ញាណជាតិសាសន៍របស់អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris កាលពីថ្ងៃព្រហស្បតិ៍ (ទី១ ខែសីហា) ខណៈដែលសមាជិកគណបក្សសាធារណរដ្ឋមួយចំនួន បានមើលឃើញថា អតីតប្រធានាធិបតីរូបនេះ ជំរុញឲ្យយុទ្ធនាការរបស់លោកធ្លាក់ចូលក្នុងទិសដៅដែលអាចបែកបាក់ និងខូចខាត។
មួយថ្ងៃបន្ទាប់ពីបានប្រាប់ទស្សនិកជននៃក្រុមអ្នកសារព័ត៌មានស្បែកខ្មៅនៅទីក្រុង Chicago ថា «ភ្លាមៗ» លោកស្រី Harris បានសម្រេចចិត្តក្លាយជា «មនុស្សស្បែកខ្មៅ» លោក Trump បានបង្ហោះនៅលើគេហទំព័របណ្ដាញសង្គមរបស់លោកនូវរូបថតរបស់លោកស្រី Harris ដែលស្លៀកពាក់សម្លៀកបំពាក់សារី (សម្លៀកបំពាក់ប្រពៃណីឥណ្ឌា) អមដោយការសរសេរអក្សរថា៖ «ភាពកក់ក្តៅ មិត្តភាព និងសេចក្តីស្រឡាញ់របស់អ្នកចំពោះកេរដំណែលឥណ្ឌារបស់អ្នក ទទួលបានការកោតសរសើរខ្លាំងណាស់»។

លើសពីនោះទៀត លោក Trump ក៏បានបន្ថែមការបង្ហោះ ដោយស៊ែរ (ចែករំលែកត) ពីលោកស្រី Laura Loomer ជាសកម្មជនស្តាំនិយម ដែលបានបង្ហោះច្បាប់ចម្លងសំបុត្រកំណើតរបស់លោកស្រី Harris និងបានផ្សព្វផ្សាយការចោទប្រកាន់មិនពិតថា លោកស្រី Harris បានកុហកអំពីពូជសាសន៍របស់លោកស្រី។
គួរបញ្ជាក់ថា លោកស្រី Harris ដែលឪពុករបស់លោកស្រីជាជនជាតិហ្សាម៉ាអ៊ីក និងម្តាយជាជនជាតិអាមេរិកាត់ឥណ្ឌា ត្រូវបានកំណត់អត្តសញ្ញាណជាយូរមកហើយ។
សម្រាប់គណបក្សសាធារណរដ្ឋ ដែលបានសម្របខ្លួនទៅនឹងការអត្ថាធិប្បាយក្នុងន័យបញ្ឆេះរបស់លោក Trump អស់មួយទសវត្សរ៍មកហើយនោះ ប្រតិកម្មទៅនឹងសុន្ទរកថាចុងក្រោយរបស់លោក មានអារម្មណ៍ដឹងពីទម្លាប់ដដែលៗ ដែលគណបក្សសាធារណរដ្ឋភាគច្រើន បានបង្ហាញអារម្មណ៍រំខានជាលក្ខណៈឯកជន និងព្យាយាមមិននិយាយជាសាធារណៈ។
លោក David Kochel ដែលជាអ្នកយុទ្ធសាស្រ្តរបស់គណបក្សសាធារណរដ្ឋយូរមកហើយ បានហៅការវាយប្រហារអត្តសញ្ញាណពូជសាសន៍នេះថា មិនចាំបាច់ និងប្រថុយប្រថាន នៅពេលដែលលោក Trump មានករណីច្បាស់លាស់ប្រឆាំងនឹងលោកស្រី Harris លើហេតុផលនយោបាយ៕